ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានចូលរួមកម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One park រាជធានីភ្នំពេញ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា កម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិននៅថ្ងៃនេះ មិនត្រឹមតែជាការបង្ហាញពីសិល្បៈហត្ថកម្មកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ និងឧស្សាហកម្មរវាងប្រទេសទាំងពីរ។ ប្រទេសកម្ពុជាមានវប្បធម៌កាហ្វេ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវិតប្រចាំថ្ងៃ ដោយសារកាហ្វេត្រូវបានបញ្ចូលទៅក្នុងចង្វាក់នៃទីក្រុង និងសហគមន៍របស់ខ្លួនបែបធម្មជាតិ។
ចំណែកនៅក្នុងប្រទេសចិន ដោយមានខេត្តយូណាន ជាតំបន់ផលិតកម្មកាហ្វេចម្បងគេ លក្ខខណ្ឌធម្មជាតិអំណោយផល និងការកែលម្អគុណភាពជាបន្តបន្ទាប់ បាននាំឱ្យមានការអភិវឌ្ឍប្រព័ន្ធឧស្សាហកម្មកាហ្វេដ៏ទូលំទូលាយ ចាប់ពីការដាំដុះ និងការផលិតកែច្នៃ រហូតដល់ការដាក់ស្លាកសញ្ញា និងការទទួលទាន។
រដ្ឋមន្រ្តីក្រសួងអប់រំបន្តថា កម្មវិធីប្រកួតនេះមិនត្រឹមតែជួយលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកាហ្វេពីភេសជ្ជៈប្រចាំថ្ងៃឆ្ពោះទៅរកទម្រង់ ដែលបង្កប់ទាំងការបង្ហាញពីវប្បធម៌ និងតម្លៃរបស់ឧស្សាហកម្មផងដែរ។
បន្ទាប់ពីការថ្លែងបើកកម្មវិធីប្រកួតជើងឯកសិល្បៈឡាតេអាតរួចមកគឺ មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន នៅក្នុងវិស័យអភិវឌ្ឍន៍ឧស្សាហកម្ម កាហ្វេ ការអប់រំ និងនវានុវត្តន៍។
គួរបញ្ជាក់ថា ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍សិល្បៈឡាតេអាតជើងឯកលើកទី១ (1st Championships Latte Art ) ដែលមានការទទួលស្គាល់ពីស្ថាប័ន ICLA របស់ប្រទេសចិន។ ការចូលរួមរបស់បណ្តាក្រុមហ៊ុនក្នុងស្រុក ត្រូវបានគេមើលឃើញថាជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរុញច្រានឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានទទួលជោគជ័យក្នុងការរៀបចំកម្មវិធីខ្នាតអន្តរជាតិនេះ។ កម្មវិធីនេះស្ថិតក្រោមកិច្ចសហការរវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន៕