អាម៉េរិក៖ គណនីអ៊ីមែលផ្ទាល់ខ្លួនរបស់នាយក FBI អាម៉េរិក លោក Kash Patel ត្រូវបានលួចចូលដោយក្រុមជំនាញបច្ចេកវិទ្យាមួយរបស់អ៊ីរ៉ង់ក្រុមមួយ ដែលគេស្គាល់ថាជាក្រុម Hack Handala បានចែករំលែកប្រវត្តិរូបសង្ខេប និងរូបថតរបស់លោក Patel នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រ រួមជាមួយនឹងសេចក្តីថ្លែងការណ៍មួយដែលបានព្រមានទៀតថានេះគ្រាន់តែជាការចាប់ផ្តើមរបស់យើងប៉ុណ្ណោះ។ រូបភាពជាច្រើនសន្លឹកឯកជនភាពរបស់លោក Kash Patel ត្រូវបានក្រុម HACKER Handala របស់អ៊ីរ៉ង់ធ្វើការចែករំលែកព្រោងព្រាតតាមបណ្តាញសង្គមជាច្រើន។
FBI បាននិយាយថា ខ្លួនបានដឹងអំពីបញ្ហាមួយនេះហើយជនល្មើសដែលមានគំនិតអាក្រក់ ដែលកំណត់គោលដៅព័ត៌មានអ៊ីមែលរបស់លោក Patel កំពុងតែត្រូវបាន FBI ធ្វើការស៊ើបអង្កេតនិងតាមចាប់ខ្លួន។ FBI ថាការបញ្ចេញព័ត៌មានរបស់ក្រុម Hacker អ៊ីរ៉ង់ មិនជាប់ពាក់ព័ន្ធជាមួយទិន្នន័យរបស់រដ្ឋាភិបាលរបស់អាម៉េរិកឡើយ។ FBI បានប្រកាសផ្តល់រង្វាន់ជូនរហូតដល់ ១០ លានដុល្លារ សម្រាប់ព័ត៌មានដែលជួយក្នុងការកំណត់អត្តសញ្ញាណសមាជិកនៃក្រុម Handala។
រូបថតដែលបែកធ្លាយនោះមានដូចជាការបង្ហាញជីវិតឯកជនរបស់លោក Patel នៅទីតាំងផ្សេងៗគ្នាដែលមិនស្គាល់អត្តសញ្ញាណ រួមទាំងឈរក្បែររថយន្តបើកដំបូលបុរាណ ញញឹមក្បែរយន្តហោះ ជក់បារី និងហិតក្លិនស៊ីហ្គា ថតរូប Selfie ក្បែរដបស្រាជាដើម។ BBC មិនទាន់បានផ្ទៀងផ្ទាត់ឯកសារដែលលេចធ្លាយដោយឯករាជ្យនៅឡើយទេ។
ពួក Hacker ដែលគាំទ្រដោយអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថាបានលួចចូលគ្រប់គ្រប់ទិន្នន័យឯកជនភាពរបស់លោក Patel តាំងពីក្នុងឆ្នាំ ២០២៤ ជាច្រើនសប្តាហ៍មុនពេលលោកត្រូវបានតែងតាំងឱ្យដឹកនាំ FBI រូបថតដែលក្រុម Handala អះអាងលេចធ្លាយចេញពីគណនីអ៊ីមែលរបស់លោក Patel ត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដោយមានឡូហ្គោរបស់ក្រុមបន្ថែមរូបក្មេងឈរបែខ្នង៕