681 ezgif.com resize
Swift cc time

ក្រុមការងារទស្សនីយភាពចម្រុះ រៀបចំ«ពិធីសំពះគ្រូ» ត្រៀមសម្តែងក្នុងព្រឹត្តិការណ៍«នគរសង្ក្រាន្ត»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រុមការងារទស្សនីយភាពចម្រុះនៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីសំពះគ្រូ នៅសាលមហោស្រពភិមានអាកាស សាលាមធ្យមវិចិត្រសិល្បៈ ដែលមានសិល្បករ សិល្បការិនី សិស្ស និស្សិត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ សរុបប្រមាណជាង២០០ នាក់។

ពិធីសំពះគ្រូ គឺជាកិច្ចបែបសាសនា ជំនឿបុរាណខ្មែរមួយ ដែលអ្នកសិល្បៈតែងគោរពប្រតិបត្តយូរលង់មកហើយ ដោយរាល់ពេលដែលមានការសម្តែងធំៗ គេតែងតែធ្វើការរំលឹកនឹកគុណដល់គ្រូបាធ្យាយ ដែលជាអ្នកបង្កើតស្នាដៃ ក៏ដូចជាអ្នកបីបាច់ថែរក្សា ឧបករណ៍ភ្លេង គ្រឿងសម្តែងទាំងឡាយ សូមលោកយាងមកប្រោសព្រុំពរជ័យ ដល់ការសម្តែងឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ព្រមទាំងការសាទរពីទស្សនិកជនគ្រប់ទិសទី។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានត្រៀមផ្ទាំងទស្សនីយភាពចម្រុះចំនួន ១៦ទម្រង់ផ្សេងៗគ្នា ដើម្បីយកមកសម្តែងជូនបងប្អូនទស្សនា ក្នុងរយៈពេល ៦ថ្ងៃ ដោយមានការចូលរួមពីសិល្បៈករ ជាង៦០០ នាក់ ដែលមកពីមជ្ឈដ្ឋានចម្រុះរួមមាន៖ នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌ នងិវិចិត្រសិល្បៈរាជធានីភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងសមាគមសិល្បៈនានា ដូចជា សមាគមសិល្បករខ្មែរ សាលាសិល្បៈនរោត្តមបុប្ផាទេវី សមាគមសុវណ្ណភូមិ ក្រុមល្ខោនខោលវត្តស្វាយអណ្តែត ក្រុមល្ខោនពោលស្រី វត្តកៀនស្វាយក្រៅ សមាគមចាប៉ីអមតៈ ក្រុមល្ខោនបាសាក់ ភី សុគន្ធី ព្រមទាំងសិល្បៈករឯករាជ្យជាច្រើនផ្សេងទៀត៕


Khcct banner

អត្ថបទទាក់ទង