ភ្នំពេញ៖ សហភាពអឺរ៉ុប នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានផ្តល់ថវិកាបន្ថែមចំនួន ៨លានអឺរ៉ូ សម្រាប់កម្មវិធីអាហារូបករណ៍ “ជ្រើសរើសអឺរ៉ុបសម្រាប់វិទ្យាសាស្ត្រ” (Choose Europe for Science) អនុញ្ញាតឱ្យនិស្សិតកម្ពុជាដែលមានសមត្ថភាព អាចបន្តការសិក្សាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅសាកលវិទ្យាល័យឈានមុខនានាក្នុងតំបន់អឺរ៉ុប។
ការប្រកាសផ្តល់ថវិកាចំនួន ៨លានអឺរ៉ូ នាពេលនេះ គឺជាការវិនិយោគដ៏មានសារៈសំខាន់ និងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់មូលធនមនុស្សរបស់កម្ពុជា ដោយនឹងចូលរួមចំណែកក្នុងការបណ្តុះបណ្តាលកម្រិតខ្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដោយការវិនិយោគនេះមានគោលបំណងបំពាក់បំប៉នយុវជនកម្ពុជានូវជំនាញបច្ចេកទេសកម្រិតខ្ពស់ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងឌីជីថល។ កម្មវិធីនេះនឹងជួយពង្រឹងការផ្ទេរចំណេះដឹង ការច្នៃប្រឌិត និងសមត្ថភាពស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា ព្រមទាំងរឹតចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងអឺរ៉ុប។
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតចំពោះសហភាពអឺរ៉ុប សម្រាប់ការផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុជាច្រើនឆ្នាំកន្លងមកនេះ ដោយជឿជាក់ថា កម្មវិធីអាហារូបករណ៍ “ជ្រើសរើសអឺរ៉ុបសម្រាប់វិទ្យាសាស្ត្រ” (Choose Europe for Science) នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាឱ្យមានសមត្ថភាពខ្ពស់ ទាំងផ្នែកចំណេះដឹង និងបច្ចេកទេស ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គមជាតិ៕