681 ezgif.com resize
Swift cc time

ម៉ាឡេស៊ីឃាត់ខ្លួនជនជាតិថៃ ៣ នាក់ លួចដឹកជញ្ជូនប្រេងសាំងឆ្លងដែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ាឡេស៊ី៖ ជនជាតិថៃចំនួន ៣ នាក់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួននៅច្រកព្រំដែន កាលពីព្រឹកថ្ងៃសុក្រនេះ ខណៈដែលពួកគេកំពុងព្យាយាមលួចដឹកជញ្ជូនប្រេងសាំងចេញពីប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ខេត្តណារ៉ាធិវ៉ាត់ ប្រទេសថៃ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន New Straits Times ជនសង្ស័យដែលរួមមានបុរស ២ នាក់ និងស្ត្រីម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងរថយន្តដាច់ដោយឡែកពីគ្នា ចំនួន ៣ គ្រឿង នៅប៉ុស្តិ៍ត្រួតពិនិត្យក្នុងទីក្រុង Rantau Panjang ព្រមទាំងដកហូតបានប្រេងសាំងសរុបចំនួន ១៦០ លីត្រ ដែលមានតម្លៃប្រមាណ ១៥,៦១៩ រីងហ្គីត (ឬប្រហែល ៣,៨០០ ដុល្លារអាមេរិក)។

តាមការស៊ើបអង្កេតបឋមបានឱ្យដឹងថា ប្រេងសាំងទាំងនោះត្រូវបានបម្រុងទុកសម្រាប់យកទៅលក់បន្តនៅក្នុងប្រទេសថៃ ដើម្បីទាញយកផលចំណេញពីតម្លៃខុសគ្នាខ្លាំងរវាងប្រទេសទាំងពីរ។ តម្លៃប្រេងសាំងនៅតាមស្ថានីយក្នុងប្រទេសម៉ាឡេស៊ី មានតម្លៃធូរថ្លៃជាងប្រទេសថៃ ដែលជាកត្តាជំរុញឱ្យមានសកម្មភាពលួចដឹកជញ្ជូនប្រេងតាមព្រំដែនភាគខាងត្បូងយ៉ាងខ្លាំងក្លា។

បច្ចុប្បន្ន តម្លៃប្រេងក្នុងប្រទេសថៃលក់ក្នុងតម្លៃ ៤១.០៥ បាត (ប្រហែល ៥,០០០ រៀល) ក្នុងមួយលីត្រ ខណៈដែលក្នុងប្រទេសម៉ាឡេស៊ីមានតម្លៃត្រឹមតែ ៣១.៩៦ បាត (ប្រហែល ៣,៨០០ រៀល) ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទីក្រុង Rantau Panjang នៃរដ្ឋ Kelantan គឺជាចំណុចព្រំដែនដ៏សំខាន់ដែលជាប់នឹងស្រុក Sungai Kolok នៃខេត្តណារ៉ាធិវ៉ាត់ ប្រទេសថៃ៕

Khcct banner

អត្ថបទទាក់ទង