មូស្គូ៖ ក្នុងជំនួបជាប្រវត្តិសាស្ត្រនៅវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃ២៦មីនា បានសន្យាផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសវៀតណាម ក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញ។ ការសន្យានេះធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតយុទ្ធសាស្ត្រថ្មីមួយទៀត។
តាមសេចក្ដីរាយការណ៍ពីកាសែត The Moscow Times កិច្ចពិភាក្សានេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រុស្ស៊ី រួមទាំងប្រធានក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋ Rosatom លោក Aleksey Likhachev។ជំនួបនេះបានធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីដើមសប្តាហ៍ ដែលរុស្ស៊ីនឹងជួយវៀតណាមក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញ។
បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលថ្មីៗនេះ គឺមានភាពរលូន និងមានលក្ខណៈពហុវិស័យ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ នាយករដ្ឋមន្រ្តីវៀតណាម លោក Chính ក៏បានជួបជាមួយសមភាគីរុស្ស៊ី លោក Mikhail Mishustin ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ រួមទាំងនាយកប្រតិបត្តិនៃក្រុមហ៊ុនយក្ស AFK Sistema ជាដើម។
នាយករដ្ឋមន្ត្រីវៀតណាមបានជំរុញឱ្យក្រុមហ៊ុនរុស្ស៊ីពង្រីកការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន សន្តិសុខសាយប័រ ឱសថ សមាសធាតុថាមពលនុយក្លេអ៊ែរ និងទូរគមនាគមន៍។ ជាការឆ្លើយតប ប្រធានក្រុមហ៊ុន AFK Sistema លោក Vladimir Yevtushenkov បានបង្ហើបពីផែនការបើកការិយាល័យតំណាងនៅក្នុងទីក្រុងហាណូយ ដើម្បីគាំទ្រដល់វត្តមានអាជីវកម្មរបស់ខ្លួនដែលកំពុងរីកចម្រើននៅក្នុងប្រទេសវៀតណាម។
គួររំលឹកថា កាលពីឆ្នាំ ២០១៦ វៀតណាមធ្លាប់បានលុបចោលគម្រោងស្រដៀងគ្នានេះ ដែលកាលនោះក៏មានការគាំទ្រពីរុស្ស៊ី ការលុបចោលដោយសារបញ្ហាកើនឡើងនៃកញ្ចប់ថវិកា និងក្តីបារម្ភខ្លាំងផ្នែកសុវត្ថិភាព ក្រោយគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ា (Fukushima) ប្រទេសជប៉ុន កាលពីឆ្នាំ ២០១១៕