ពោធិ៍សាត់៖ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី ២៧ មីនានេះ បានដឹកនាំអង្គទូត និងតំណាងអង្គទូតចំនួន១៦ស្ថានទូត និងអង្គការអន្តរជាតិចំនួន២ ទៅទស្សនកិច្ចស្ថានភាពព្រំដែនកម្ពុជា-ថៃ ពិនិត្យមើលផ្ទាល់ស្ថានភាពព្រំដែន យោធាថៃដាក់ ទូកុងតឺន័រ និង បន្លាលួស នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។
អង្គទូតទាំងនោះ រួមមាន ប្រ៊ុយណេ, រុស្ស៊ី, ប៉ាគីស្ថាន,មីយ៉ាន់ម៉ា, គុយបា,ឥណ្ឌា,ទីម័រឡេស្តេ,ប្រេស៊ីល,ឡាវ,វៀតណាម,តួកគី,សហរដ្ឋអាមេរិក,ជប៉ុន,ចិន,ឥណ្ឌូនេស៊ី,និងម៉ាឡេស៊ី ព្រមទាំង ប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (United Nations Resident Coordinator to Cambodia-UNRC)និង អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
គួរបញ្ជាក់ថា កម្ពុជាបានធ្វើការតវ៉ាជាបន្តបន្ទាប់ ប្រឆាំងនឹងការបន្តសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។កម្ពុជា អំពាវនាវដល់ប្រទេសថៃឱ្យបញ្ឈប់ជាបន្ទាន់ការឈ្លានពានលើប្រទេសកម្ពុជា បញ្ចប់ការធ្វើសកម្មភាពឯកតោភាគីបន្ថែមទៀត ខណៈដែលប្រទេសកម្ពុជាមិនទទួលស្គាល់បន្ទាត់ព្រំដែនបង្កើតឡើងដោយឯកតោភាគីដោយថៃនោះឡើយ៕