តេហេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃសុក្រនេះថា នាវាដឹកទំនិញដោតទង់ជាតិថៃមួយគ្រឿង ដែលរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតមិនស្គាល់ប្រភពនៅក្នុង ច្រកសមុទ្រ Hormuz កាលពីដើមខែមីនានេះ បានរសាត់ទៅទើរលើដីខ្សាច់ (Run aground) នៅក្បែរកោះ Qeshm នៃប្រទេសអ៊ីរ៉ង់។
នាវាដឹកទំនិញថៃដែលមានឈ្មោះថា «Mayuree Naree» ត្រូវបានរាយការណ៍ថាបានរងការវាយប្រហារពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីពេលកន្លងទៅ ក្រោមហេតុផលថា បានរំលោភលើច្បាប់សមុទ្រ និងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរតំបន់។ ការផ្ទុះអាវុធនេះ បានបង្កឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំងនៅផ្នែកបន្ទប់ម៉ាស៊ីន ដែលធ្វើឱ្យនាវាបាត់បង់ការបញ្ជា និង រសាត់អណ្តែតរហូតដល់ទើរលើដីខ្សាច់នៅក្បែរកោះខាងលើ។
គួររំលឹកថា ស្ថានភាពនៅច្រកសមុទ្រ Hormuz កំពុងមានភាពតានតឹងខ្លាំង ខណៈដែលកប៉ាល់ដឹកទំនិញមួយចំនួនត្រូវបានរឹតបន្តឹង ឬតម្រូវឱ្យមានការអនុញ្ញាតពិសេសដើម្បីឆ្លងកាត់។ ក្នុងហេតុការណ៍នៃនាវា Mayuree Naree នេះ នាវិកចំនួន ២០ នាក់ត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹកអូម៉ង់ ខណៈដែលនាវិក ៣ នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ។
គិតត្រឹមម៉ោងនេះ ប្រតិបត្តិការរុករកនាវិកជនជាតិថៃទាំង ៣ នាក់ ដែលបាត់ខ្លួន កំពុងបន្តធ្វើឡើងយ៉ាងសកម្មដោយកងទ័ពជើងទឹកអូម៉ង់ និងអាជ្ញាធរអ៊ីរ៉ង់ ប៉ុន្តែមិនទាន់មានតម្រុយណាមួយនៅឡើយទេ៕