681 ezgif.com resize
Swift cc time

ក្រសួងការងារ លើកទឹកចិត្តឱ្យយុវជនជាប់អាហារូបករណ៍MEXT សិក្សានៅជប៉ុនចេះប្រើប្រាស់«ឱកាសមាស»បង្ហាញពីសមត្ថភាព និងមោទនភាពជាតិខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ ក្រសួងការងារ បានលើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន MEXT ឱ្យពង្រឹងសមត្ថភាព និងបទពិសោធន៍ ដើម្បីក្លាយជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2026) ចំនួន ១២នាក់ ដែលត្រូវចេញទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សារយៈពេល ២ឆ្នាំ (២០២៦-២០២៨) នៅប្រទេសជប៉ុន នាដើមខែមេសា ខាងមុខនេះ។

ក្នុងជំនួបនេះ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យយុវជនជ័យលាភីទាំងអស់ ចេះប្រើប្រាស់ «ឱកាសមាស» នេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីបង្ហាញពីសមត្ថភាព និងមោទនភាពជាតិខ្មែរ ក៏ដូចជាកសាងបណ្តាញទំនាក់ទំនងជាមួយយុវជន និងជនបរទេសក្នុងតំបន់ឱ្យបានកាន់តែល្អប្រសើរ។ លោកស្រីបានគូសបញ្ជាក់ថា យុវជនកម្ពុជាបច្ចុប្បន្នមានឱកាសពេញលេញក្នុងការទទួលបានការអប់រំ និងជំនាញខ្ពស់ រហូតមានសមត្ថភាពអាចឈរនៅលើឆាកអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយពីតថភាពពិតនៃកិច្ចអភិវឌ្ឍន៍ និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែបនៅកម្ពុជា ទៅកាន់មិត្តភក្តិ និងអ្នកវិនិយោគបរទេសផងដែរ។

ជាមួយគ្នានេះ លោកស្រីបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងទទួលបានជោគជ័យក្នុងកម្មវិធីសិក្សា MEXT នេះ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធថ្មីៗ វិលត្រឡប់មកមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សកម្ពុជាប្រកបដោយថាមពល និងថាមវន្ត សម្រាប់យកមកប្រើប្រាស់ក្នុងមុខរបររៀងៗខ្លួន និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕


Khcct banner

អត្ថបទទាក់ទង