ឈៀងម៉ៃ៖ យោងតាមរបាយការណ៍នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នេះ ស្ថានភាពបំពុលខ្យល់នៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ បានឈានដល់កម្រិតអាសន្ន ដោយជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានគុណភាពអាកាសអាក្រក់បំផុតនៅលើពិភពលោក យោងតាមការត្រួតពិនិត្យរបស់គេហទំព័រ IQAir.com។
យោងតាមរបាយការណ៍ពី កាសែត Khaosod នៅព្រឹកថ្ងៃសុក្រនេះ ក្រុងឈៀងម៉ៃបានក្លាយជាទីក្រុងដែលមានការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក ដោយសន្ទស្សន៍គុណភាពអាកាស (AQI) ហក់ឡើងដល់ ១៨៤។ កម្រិតធូលីល្អិត PM2.5 ត្រូវបានវាស់ឃើញរហូតដល់ ១០២.២ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលលើសពីស្តង់ដាររបស់អង្គការសុខភាពពិភពលោក (WHO) រហូតដល់ទៅ ២០.៤ ដង។
តាមការពិនិត្យជាក់ស្តែង ស្រុក Chiang Dao ប្រទេសថៃ គឺជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេបានកត់ត្រាកម្រិតធូលី PM2.5 ខ្ពស់បំផុតរហូតដល់ ១៨៣.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូប អមដោយតំបន់មជ្ឈមណ្ឌលរដ្ឋបាលខេត្ត ស្រុក Mae Chaem និងស្រុក Hot ដែលសុទ្ធតែស្ថិតក្នុងស្ថានភាពអាសន្ន «ពណ៌ក្រហម»។
បន្ថែមពីនេះ យោងតាមទិន្នន័យពី Air4Thai បានបង្ហាញថា មានចំណុចវាស់វែងចំនួន ៦ កន្លែងផ្សេងទៀត សុទ្ធតែមានកម្រិតបំពុលលើសពីស្តង់ដារសុវត្ថិភាព (៣៧.៥ មីក្រូក្រាម) ក្នុងនោះ ២ កន្លែងស្ថិតក្នុងកម្រិត ពណ៌ក្រហម ដែលជះឥទ្ធិពលអាក្រក់ខ្លាំង និង ៤ កន្លែងទៀតស្ថិតក្នុងកម្រិត ពណ៌ទឹកក្រូច ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
ជាការឆ្លើយតប អាជ្ញាធរសុខាភិបាលថៃបានណែនាំឱ្យពលរដ្ឋ ជាពិសេសក្រុមមនុស្សងាយរងគ្រោះ ត្រូវប្រុងប្រយ័ត្នខ្ពស់ដោយ ពាក់ម៉ាស N95 រាល់ពេលចេញក្រៅអគារ កាត់បន្ថយសកម្មភាពខាងក្រៅ ឬការហាត់ប្រាណខ្លាំងៗនៅទីវាល និងតាមដានសុខភាព ប្រសិនបើមានអាការៈក្អក ពិបាកដកដង្ហើម ឬរមាស់ភ្នែក ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីបង្ការផលវិបាកដល់ប្រព័ន្ធផ្លូវដង្ហើម។
គួរបញ្ជាក់ថា IQAir គឺជាក្រុមហ៊ុនបច្ចេកវិទ្យាសុខភាពស្វីស (Swiss) ដែលមានឯកទេសខាងការតាមដានគុណភាពខ្យល់ និងការបន្សុទ្ធខ្យល់។