681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថាន ប្រកាសធ្វើការអភិវឌ្ឍ«កោះស្រឡៅ» ជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កោះកុង៖ កោះស្រឡៅ ស្ថិតនៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកបុទុមសារគរ ខេត្តកោះកុង នឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូនៅកម្ពុជា និងនៅក្នុងតំបន់។ គម្រោងរៀបចំអភិវឌ្ឍន៍កោះស្រឡៅជាកោះ អព្យាក្រឹតកាបូន (Carbon Neutral) ដែលមានប្រជាពលរដ្ឋរស់នៅចំនួនជាង៣០០គ្រួសារ ត្រូវបានប្រកាសដោយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង និងការប្រារព្ធបុណ្យ«កោងកាងសន្តិភាព» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅលើកោះស្រឡៅ ដោយផ្ទាល់។

លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការរៀបចំជាកោះអព្យាក្រឹតកាបូនគឺផ្តោតលើយុទ្ធសាស្រ្តចម្បង៣គឺ រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការចូលរួមអនុវត្តសកម្មភាព ពីអ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ការអភិរក្សបរិស្ថាន និងជំរុញការអភិវឌ្ឍន៍បៃតងប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ដើម្បីប្រែក្លាយកោះស្រឡៅដ៏ស្រស់ស្អាត និងមានសក្តានុពល សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពទៅជា កោះអព្យាក្រឹតកាបូននាពេលខាងមុខ ក្រសួងបរិស្ថាននឹងរៀបចំផែនការសកម្មភាពសំខាន់ៗដូចជា៖ ១.ធ្វើការដាំស្តារព្រៃកោងកាង និងព្រៃតំបន់ត្រូពិចដែលបានបាត់បង់កន្លងមក ២.រៀបចំហេដ្ឋារចនាសម្ព័ន្ធ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ៣.ការអភិវឌ្ឍន៍ដោយប្រើបច្ចេកវិទ្យាបៃតង ការប្រើប្រាស់មធ្យោបាយធ្វើដំណើនិងដឹកជញ្ជូនជាមួយថាមពលពន្លឺព្រះអាទិត្យ (ភ្លើងទេវតា) និងថាមពលកកើតឡើងវិញ ៤.ការគ្រប់គ្រងសំណល់រឹង តាមរយៈការញែក និងទុកដាក់សំណល់ ឱ្យបានត្រឹមត្រូវ ដោយមិនត្រូវដុតសំណល់ទាំងនោះដោយគ្មានការណែនាំបច្ចេកទេសពីស្ថាប័នជំនាញ ៥.ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលលំហែបៃតង ដែលមានមេត្រីបរិស្ថានដើម្បីជំរុញនិងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត និង៦.ការធ្វើកសិកម្មវ័យឆ្លាត។ល។

គួរឲ្យដឹងថា ក្នុងពិធី «ប្រកាសចាប់ផ្តើមការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ជាសហគមន៍អព្យាក្រឹតកាបូន និងពិធីបុណ្យកោងកាងសន្តិភាព» ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានប្រគល់ ជូនអំណោយដ៏ថ្លៃថ្លារបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ រួមមាន៖ ១.អំពូលហូមសូឡា ចំនួន ៣២៨ឈុត (១គ្រួសារទទួលបានសូឡា១ឈុត) ២.ធុងសំរាម ចំនួន ៣០០ធុង ៣.ម៉ូតូដឹកសំរាម ចំនួន១គ្រឿង ដើម្បីបំពាក់ជូនតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងជាប្រយោជន៍របស់សហគមន៍ នៅលើកោះស្រឡៅនេះ។ នាពេលខាងមុខក្រសួងបរិស្ថាន មានផែនការកសាងកន្លែងទុកដាក់សំរាម និងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត និងអភិវឌ្ឍន៍ទូកប្រើដោយម៉ាស៊ីនមានមេត្រីបរិស្ថានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(ទេវតា)។

បន្ទាប់មក លោករដ្ឋមន្រ្តី អមដំណើរ លោកស្រី ឈីវ រ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ប្រតិភូថ្នាក់ដឹកនាំមន្រ្តីរាជការ ក្រសួងបរិស្ថាន មន្ទីរ អង្គភាពជុំវិញខេត្ត អង្គការដៃគូ វិស័យឯកជន កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ បានចូលរួមដាំស្តារព្រៃកោងកាងរបស់សហគមន៍ ចំនួន៣០០០ដើម។

សូមបញ្ជាក់ថា ពិធី «ប្រកាសចាប់ផ្តើមការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ជាសហគមន៍អព្យាក្រឹតកាបូន និងពិធីបុណ្យកោងកាងសន្តិភាព» ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អង្គការដៃគូ វិស័យឯកជន កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើននាក់ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងការអភិរក្សធនធានធម្មជាតិ និងការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ បុណ្យកោងកាងសន្តិភាព បានរៀបចំក្នុងគោលបំណង អប់រំផ្សព្វផ្សាយបរិស្ថាន វប្បធម៌ សេដ្ឋកិច្ច និងការកម្សាន្ត ក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់ឱកាសដល់សាធារណជនទូទៅបានចូលរួម និងស្វែងយល់បន្ថែមពីការការពារ ការអភិរក្ស និងអត្ថប្រយោជន៍នៃព្រៃកោងកាងសម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងនិរន្តរភាពមនុស្សគ្រប់ជំនាន់៕


Khcct banner

អត្ថបទទាក់ទង