ដាកា៖ មានយ៉ាងហោចណាស់មនុស្ស ២៤ នាក់បានស្លាប់ បន្ទាប់ពីឡានក្រុងដឹកអ្នកដំណើរប្រហែល ៤០ នាក់បានជ្រុលចង្កូតបើធ្លាក់ចូលទៅក្នុងទន្លេប៉ាដម៉ា ខណៈពេលដែលរថយន្តកំពុងព្យាយាមឡើងលើសាឡាងមួយក្នុងប្រទេសបង់ក្លាដែស។ មន្រ្តីក្នុងតំបន់បានអះអាងថាគ្រោះថ្នាក់នេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ នៅពេលដែលឡានក្រុងបានបាត់បង់ការគ្រប់គ្រងនិងជ្រុលចង្កូតបើកធ្លាក់ចូលក្នុងទឹកទន្លេ។
យោងតាមប៉ូលីសក្នុងតំបន់រថយន្តនេះលិចចូលទៅក្នុងទន្លេជិត ៣០ ហ្វីត (៩ ម៉ែត្រ)។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ២២ នាក់ពីខាងក្នុងឡានក្រុងលិចទឹក រួមទាំងបុរស ៦ នាក់ ស្ត្រី ១១ នាក់ និងកុមារ ៥ នាក់។ មនុស្ស ២៤ នាក់ត្រូវបានបញ្ជាក់ថាស្លាប់រហូតមកដល់ពេលនេះ រួមទាំងស្ត្រីពីរនាក់ដែលបានស្លាប់បន្ទាប់ពីត្រូវបានជួយសង្គ្រោះ។ អង្គភាពពន្លត់អគ្គីភ័យចំនួនបួន និងអ្នកមុជទឹកចំនួន ១០ នាក់ បានដឹកនាំកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ដោយមានការគាំទ្រពីកងទ័ព ប៉ូលីស ឆ្មាំសមុទ្រ និងអាជ្ញាធរមូលដ្ឋាន៕