កណ្តាល៖ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមីនានេះ បានចុះពិនិត្យទីតាំងសាងសង់ជាក់ស្តែងនូវសំណង់គ្មានលិខិតអនុញ្ញាត មួយកន្លែងរបស់បុគ្គលឈ្មោះ ស៊ុន លី និងឈ្មោះ ដុត សារ៉ន ដែលមានទីតាំងលើចំណុចផ្លូវចូលវត្តស្អាងភ្នំ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដែលសង់អំពីថ្ម កំពស់២ជាន់ មានទំហំ៣០៦ម៉ែត្រការ៉េ មានទទឹង៨,៤ម៉ែត្រ បណ្តោយ១៨ម៉ែត្រ។ ក្រោយពីការពិនិត្យ អាជ្ញាធរបានសម្រេចអនុវត្តវិធានការផ្អាកការសាងសង់។
ការចុះពិនិត្យនេះ អាជ្ញាធរបានរកឃើញសំណង់ដែលកំពុងដំណើរការសាងសង់យ៉ាងសកម្ម ប៉ុន្តែនៅពេលមន្ត្រីជំនាញសាកសួររកលិខិតអនុញ្ញាតសាងសង់ (ច្បាប់សាងសង់) ម្ចាស់សំណង់មិនមានឯកសារបង្ហាញជូនក្រុមការងារនោះទេ។ ក្រោយពីការពិនិត្យ អាជ្ញាធរបានសម្រេចអនុវត្តវិធានការផ្អាកការសាងសង់ និងបញ្ឈប់រាល់សកម្មភាពមេជាង និងកម្មករមិនឱ្យបន្តការងារនៅទីតាំងនោះរហូតដល់មានការដោះស្រាយ។ ក្នុងនោះផងដែរក្រុមការងារបានធ្វើកំណត់ហេតុផ្អាកសកម្មភាព និងឱ្យមេជាងដែលជាអ្នកម៉ៅការសាងសង់ផ្តិតមេដៃទទួលដឹងឮ ព្រោះម្ចាស់សំណង់មិនបានចូលរួម។
អាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់សំណង់ និងអ្នកអភិវឌ្ឍន៍ទាំងអស់ សុំច្បាប់អនុញ្ញាតសាងសង់ជាមុនសិន មុននឹងចាប់ផ្តើមដំណើរការសាងសង់ ដើម្បីជៀសវាងការខាតបង់ពេលវេលា និងថវិកា នៅពេលអាជ្ញាធរចុះអនុវត្តវិធានការច្បាប់ ហើយនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះរាល់សំណង់ទាំងឡាយណាដែលសាងសង់ដោយបំពានច្បាប់៕