វៀតណាម៖ យោងតាមអគ្គិសនីវៀតណាម (EVN) ការប្រើប្រាស់អគ្គិសនីក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៦ បានកើនឡើង ៨,៤៦% ដែលឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងខ្លាំងទាំងក្នុងវិស័យឧស្សាហកម្ម និងគ្រួសារ។ ទោះបីជាស្ថានភាពទឹកសម្រាប់វារីអគ្គិសនីនៅល្អប្រសើរក្នុងពេលបច្ចុប្បន្ន ប៉ុន្តែអាជ្ញាធរវៀតណាមបានព្រមានពីការប្រែប្រួលអាកាសធាតុពីបាតុភូត La Niña ទៅ El Niño នៅចុងឆ្នាំនេះ ដែលអាចបង្កជាគ្រោះរាំងស្ងួត និងកម្ដៅខ្លាំង ធ្វើឱ្យតម្រូវការអគ្គិសនីអាចហក់ឡើងដល់ ២៥%។នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre News។
ដើម្បីទប់ទល់នឹងហានិភ័យនេះ អាជ្ញាធរវៀតណាមកំពុងជំរុញការប្រើប្រាស់ហ្គាសធម្មជាតិក្នុងស្រុក ការនាំចូលហ្គាសរាវ (LNG) តម្លៃទាប និងការដំឡើងប្រព័ន្ធសូឡាលើដំបូលនៅតាមតំបន់ឧស្សាហកម្ម រួមទាំងការអំពាវនាវឱ្យមានការសន្សំសំចៃថាមពលតាមរយៈយុទ្ធនាការ «ម៉ោងផែនដី ២០២៦» (Earth Hour 2026) ផងដែរ។
ដោយឡែក វិបត្តិជម្លោះនៅមជ្ឈិមបូព៌ារវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ចាប់តាំងពីចុងខែកុម្ភៈមក បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងគំហុក បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក។ ស្ថានភាពនេះបានធ្វើឱ្យពលរដ្ឋវៀតណាមផ្លាស់ប្តូរទម្លាប់ធ្វើដំណើរយ៉ាងខ្លាំង ដោយងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរការសាធារណៈវិញ។
ជាក់ស្តែង នៅក្នុងទីក្រុងហូជីមិញ ចំនួនអ្នកជិះរថយន្តក្រុងបានកើនឡើងជិតទ្វេដងក្នុងរយៈពេលតែ ១០ ថ្ងៃដំបូងនៃខែមីនា ខណៈដែលខ្សែរថភ្លើងមេត្រូ (Metro Line No. 1) ក៏បានទទួលអ្នកដំណើរយ៉ាងច្រើនកុះករ ដោយសារពលរដ្ឋចង់កាត់បន្ថយចំណាយលើប្រេងសាំង និងការធ្វើដំណើរផ្ទាល់ខ្លួន។