681 ezgif.com resize
Swift cc time

រាជរដ្ឋាភិបាល ប្រកាសបើកការដ្ឋានសាងសង់«គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត» ក្នុងខេត្តចំនួន៥ ក្រោមទុនវិនិយោគ ៦០លានដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ស្វាយរៀង៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ។ ក្រោមទុនវិនិយោគសរុប ៦០លានដុល្លារអាមេរិក គម្រោងនេះនឹងបង្កើនសមត្ថភាពផលិតទឹកស្អាតសម្រាប់ខេត្តទាំង៥ សរុបប្រមាណ ១៣.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ៧៣៩ គីឡូម៉ែត្រ ផ្តល់តំណទឹកស្អាតថ្មីចំនួន ២៨.៦៦០ គ្រួសារ ដោយគ្រោងអនុវត្តរយៈពេល២០ខែ ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧។

ការប្រកាសនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២៦មីនានេះ។

គូរឲ្យដឹងដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី មានសមត្ថភាពផលិតទឹកស្អាត ៦.៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះ នឹងអនុញ្ញាតឱ្យរដ្ឋាករទឹកស្វាយរៀងមានលទ្ធភាពផ្តល់សេវាទឹកស្អាតពេញលេញសម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្របដណ្តប់ក្នុងតំបន់សេវារបស់ខ្លួន ពី៣២% ទៅ ៥៨%។

ចំពោះការវិនិយោគ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងលើនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសមធម៌ កាត់បន្ថយគម្លាតសេវារវាងតំបន់ទីក្រុងនិងជនបទ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋាន នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន៕


Khcct banner

អត្ថបទទាក់ទង