Img 1426
Swift cc time

ជនបរទេស១៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី Online Scam ក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា បានចុះត្រួតពិនិត្យចំនួន ០៤ទីតាំង សរុប២២ខ្នងផ្ទះ ក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក្នុងនោះ មានជនបរទេសស្នាក់នៅ ៥៧នាក់ (ស្រី្ត១៤នាក់) មាន០៦សញ្ជាតិ (ចិន វៀតណាម រុស្ស៊ី មីយ៉ាន់ម៉ា កូរ៉េ និងប៉ាគីស្ថាន) ដោយឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ ពាក់ព័ន្ធករណី Online Scam ។

ប្រតិបត្តិការបង្ក្រាបនេះ ក្រោមការបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ និងការសម្របសម្រួលនីតិវិធីពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផល នៅក្នុងចំណោម២២ខ្នងផ្ទះនោះ សមត្ថកិច្ចបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសជាក់ស្តែងមួយកន្លែងស្ថិនៅផ្ទះលេខ ១១៣-១១៥ ផ្លូវ C០១ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ដោយឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ (ប្រុស) ក្នុងនោះរួមមានជនជាតិចិន ចំនួន ១៦នាក់ ( ១៣នាក់ គ្មានលិខិតឆ្លងដែន) និងជនជាតិវៀតណាមចំនួន១នាក់ ហើយបានដកហូតសម្ភារៈបម្រើឱ្យសកម្មភាពឆបោក រួមមាន ទូរសព្ទដៃចំនួន ២៧គ្រឿង, កុំព្យូទ័រ Laptop ០២គ្រឿង , ឧបករណ៍បញ្ជា (CPU) ០១គ្រឿង និង Monitor ០១គ្រឿង។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ការចុះបង្ក្រាបនេះធ្វើឡើងដោយសារក្រុមជនសង្ស័យបានលួចរក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការស្នាក់នៅខុសច្បាប់។ បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន ចំណែកមនុស្សទាំង ១៧នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់៕

Khcct banner

អត្ថបទទាក់ទង