អង់គ្លេស៖ យុវជនដែលទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេស កំពុងប្រឈមមុខនឹងវិបត្តិ «បាក់ទឹកចិត្ត» យ៉ាងធ្ងន់ធ្ងរ ខណៈដែលអត្រាអ្នកអត់ការងារធ្វើក្នុងចំណោមមនុស្សវ័យក្មេង (អាយុ ១៦-២៤ ឆ្នាំ) បានហក់ឡើងដល់ ១៦,១% ទូទាំងប្រទេស និងរហូតដល់ ២២,៥% នៅក្នុងទីក្រុងឡុងដ៍ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ។
តាមការរាយការណ៍ពីកាសែត Vietnam Express បើទោះបីជាមានសញ្ញាបត្រកម្រិតខ្ពស់ និងសមត្ថភាពភាសាច្រើនយ៉ាងណាក៏ដោយ ក៏និស្សិតជាច្រើនបានដាក់ពាក្យរាប់រយដង ប៉ុន្តែទទួលបានមកវិញតែភាពស្ងប់ស្ងាត់ ឬការបដិសេធពីសំណាក់និយោជក។
តាមប្រភពដដែល បញ្ហានេះត្រូវបានគេមើលឃើញថា បណ្តាលមកពីកត្តារួមផ្សំគ្នាជាច្រើន រួមមាន សេដ្ឋកិច្ចចុះខ្សោយ ការដំឡើងប្រាក់ឈ្នួលអប្បបរមាដែលធ្វើឱ្យថ្លៃដើមជួលបុគ្គលិកកើនឡើង និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណើរការជ្រើសរើសបុគ្គលិក ដែលធ្វើឱ្យការប្រកួតប្រជែងកាន់តែពិបាកសម្រាប់អ្នកខ្វះបទពិសោធន៍។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃទី ១៦ ខែមីនា បានប្រកាសកញ្ចប់ថវិកាប្រមាណ ១ ពាន់លានផោន (ប្រហែល ១,៣ ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ការបង្កើតការងារសម្រាប់យុវជន។ វិធានការនេះ រួមមានការផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣,០០០ ផោន(ប្រហែល៤០០០ដូល្លា)ដល់អាជីវកម្មដែលជួលយុវជនអត់ការងារធ្វើ និងការគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ។
ទោះជាយ៉ាងណា អ្នកជំនាញបានព្រមានថា បញ្ហាអត់ការងារធ្វើរយៈពេលវែងនេះ កំពុងជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្ត បង្កជាភាពឯកោ និងធ្វើឱ្យបាត់បង់ទំនុកចិត្តលើខ្លួនឯងក្នុងចំណោមយុវជនជំនាន់ក្រោយ ដែលកំពុងចាប់ផ្ដើមជីវិតការងារចំពេលមានការផ្លាស់ប្តូរសង្គម និងបច្ចេកវិទ្យាយ៉ាងគំហុក៕