ភ្នំពេញ៖ ក្រុមហ៊ុនរថយន្តជប៉ុនចំនួន២ និងវិទ្យាស្ថានបច្ចេកទេស JVC នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៥ មីនា បានសហការគ្នាពង្រឹងកិច្ចសហការរវាងវិស័យឧស្សាហកម្ម និងវិស័យអប់រំ ក្រោមគម្រោងសហប្រតិបត្តិការរដ្ឋ-ឯកជន និងដើម្បីលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្មទំនើបបច្ចុប្បន្ន។
អនុស្សរណៈនេះ នឹងបង្កើតកិច្ចសហការរួមលើការបង្កើតឱកាសកម្មសិក្សា និងកម្មវិធីហាត់ការ, ការគាំទ្រការបណ្តុះបណ្តាលគ្រូបង្រៀន, ការពិគ្រោះយោបល់លើកម្មវិធីសិក្សា និងការកែលម្អជាបន្តបន្ទាប់, កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា និងកិច្ចសហការក្នុងការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា និងការអភិវឌ្ឍកម្លាំងការងារ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍ថា ការសម្រេចជ្រើសរើសយក JVC ជាមជ្ឈមណ្ឌលដៃគូក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមហ៊ុនរថយន្តជប៉ុន នាពេលនេះ គឺមិនត្រឹមតែជាជម្រើសដ៏ល្អបំផុតក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញដែលនឹងធ្វើការជាមួយក្រុមហ៊ុននាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការភ្ជាប់ទៅនឹងឫសគល់នៃទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាជនជប៉ុន ជាមួយនឹងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាផងដែរ។
ជាការឆ្លើយតប អ្នកតំណាងក្រុមហ៊ុនទាំងពីរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការគាំទ្របង្កើតឱ្យមានកិច្ចសហការរួមគ្នានេះឡើង ដែលជាការផ្តល់ឱកាសក្នុងការរួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា ហើយបានប្តេជ្ញាចិត្តថានឹងខិតខំឱ្យអស់សមត្ថភាពក្នុងការគាំទ្រដល់កម្ពុជា ជាពិសេសដល់យុវជនជំនាន់ក្រោយ៕