ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ប្រកាសថាកម្មវិធី PAI ឬ PaiPay ពុំមែនជាកម្មវិធីទូទាត់ចល័ត របស់គ្រឹះស្ថានដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជានោះទេ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីការឆបោកតាមប្រព័ន្ធអនឡាញ ដែលអាចបណ្ដាលឱ្យប្រឈមនឹងហានិភ័យដោយប្រការណាមួយ។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។
បើតាមសេចក្ដីប្រកាស នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញមានកម្មវិធី PAI ឬ PaiPay កំពុងដាក់ឱ្យដំណើរការ លើផ្លេតហ្វមតេឡេក្រាម (Telegram) ដែលមានលក្ខណៈជា Chat Bot និងអាចទាញយកពី App Store និង Google Play Store ហើយកម្មវិធីនេះមានមុខងារបង្កើតគណនី (Wallet) ដាក់ប្រាក់ចូលគណនី ផ្ទេរប្រាក់ និង ទូទាត់សងប្រាក់ ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។ ទន្ទឹមនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានសង្កេតឃើញអំពី ការផ្សព្វផ្សាយពាណិជ្ជកម្មកម្មវិធីPAIឬ PaiPay តាមរយៈបណ្តាញ សង្គមតេឡេក្រាម និងនៅតាមទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានញ្ជាក់ថា កម្មវិធី PAl ឬ PaiPay ខាងលើនេះ ពុំមែនជាកម្មវិធីទូទាត់ចល័ត របស់គ្រឹះស្ថានដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជានោះទេ។ អាស្រ័យហេតុនេះ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់អំពីការឆបោកតាមប្រព័ន្ធអនឡាញ ដែលអាចបណ្ដាល ឱ្យប្រឈមនឹងហានិភ័យដោយប្រការណាមួយ។
សម្រាប់ករណីនេះ ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការស្រាវជ្រាវ និងបង្ក្រាប់ការផ្សព្វផ្សាយ ស មិនស្របច្បាប់របស់កម្មវិធីមួយនេះផងដែរ៕