ថៃ៖ គ្រោះអគ្គិភ័យមួយដែលបានផ្ទុះឡើងនៅរសៀលថ្ងៃទី ២៥ មីនា នេះបានឆាបឆេះបន្ទប់ស្នាក់នៅលើជាន់ដំបូលនៃអគារអាផាតមិនកម្ពស់ ៥ ជាន់មួយកន្លែង ស្ថិតក្នុងស្រុកមឿង ខេត្តសាមុតប្រាខន ប្រទេសថៃ នៅថ្ងៃទី២៥ ខែមីនា ដែលបង្កឱ្យមានការជម្លៀសអ្នកស្នាក់នៅជាច្រើននាក់ចេញពីអគារទាំងភាពចលាចល ខណៈប្រតិបត្តិការជួយសង្រ្គោះនាកំពុងតែបន្តយ៉ាងក្តៅគគុក។
យោងតាមការចេញផ្សាយដោយកាសែតខាវស៊ត ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីយុវជនម្នាក់អាយុ ១៤ ឆ្នាំ បានប្រើប្រាស់ម៉ាស៊ីនមីក្រូវ៉េវដើម្បីកម្ដៅអាហារ រួចក៏ទុកចោលដើម្បីទៅងូតទឹក។ ប៉ុន្តែនៅពេលងូតទឹករួចដើរចេញមកវិញ យុវជនរូបនេះស្រាប់តែឃើញភ្លើង និងផ្សែងខ្មៅកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅពេញបន្ទប់ទៅហើយ។
ហេតុការណ៍នេះបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកស្នាក់នៅដទៃទៀត ដែលបាននាំគ្នារត់គេចខ្លួនទាំងភ័យរន្ធត់។ ពលករមីយ៉ាន់ម៉ា និងអ្នកជិតខាងដែលស្ថិតក្នុងទីតាំងកើតហេតុដូចគ្នាបានឱ្យដឹងថា ពួកគេបានឮសំឡេងសម្ភារៈរលាយធ្លាក់ពីជាន់លើ ទើបដឹងថាមានគ្រោះអាសន្នកើតឡើង។
ភ្លាមៗនោះ កម្លាំងពន្លត់អគ្គិភ័យជិត ១០ គ្រឿង ត្រូវបានបញ្ជូនមកអន្តរាគមន៍ និងបានប្រើប្រាស់ពេលប្រហែល ៣០ នាទី ដើម្បីគ្រប់គ្រងស្ថានការណ៍ឱ្យនៅទ្រឹងវិញ។ ការខូចខាតមានត្រឹមតែបន្ទប់កើតហេតុចំនួន ១ ប៉ុណ្ណោះ ហើយមិនមានរបាយការណ៍អំពីអ្នករងរបួសធ្ងន់ធ្ងរ ឬបាត់បង់ជីវិតឡើយ ខណៈសមត្ថកិច្ចកំពុងបន្តនីតិវិធីស៊ើបអង្កេតលម្អិតបន្ថែមទៀត៕