អ៊ីរ៉ង់៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ កាលពីថ្ងៃពុធ ទី២៥ ខែមីនា លោក Ebrahim Zolfaghari អ្នកនាំពាក្យយោធាអ៊ីរ៉ង់បានឆ្លើយតបយ៉ាងខ្លាំងៗថា សហរដ្ឋអាម៉េរិកកំពុងតែ «ចរចាជាមួយខ្លួនឯង» បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអង្គារថា ទីក្រុងតេអេរ៉ង់ចង់ឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាម។នេះបើតាមកាសែតAljazeera។
ការឆ្លើយតបនេះបានធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានបញ្ចេញសារក្នុងន័យពន្យារពេលការវាយប្រហារលើអ៊ីរ៉ង់ និងហាក់បង្ហាញពីសញ្ញាវិជ្ជមាននៃលទ្ធផលចរចា ប៉ុន្តែត្រូវបានភាគីអ៊ីរ៉ង់បដិសេធភ្លាមៗ។ ជំហរដាច់អហង្ការរបស់អ៊ីរ៉ង់បានសបញ្ជាក់ពីភាពតានតឹងដែលកំពុងបន្តកើនឡើង និងការខ្វះទំនុកចិត្តរវាងប្រទេសទាំងពីរ ខណៈដែលតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់។
ការបដិសេធរបស់អ៊ីរ៉ង់ក្នុងការចូលតុចរចានៅពេលនេះ ក៏ជាកត្តាគន្លឹះដែលកំពុងធ្វើឱ្យទីផ្សារថាមពលពិភពលោកស្ថិតក្នុងក្តីព្រួយបារម្ភយ៉ាងខ្លាំង ដែលជះឥទ្ធិពលដល់ស្ថិរភាពតម្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោក រួមទាំងបណ្តាប្រទេសក្នុងតំបន់អាស៊ីផងដែរ៕