ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្ររបស់ក្រសួងលើយុទ្ធនាការ«ខ្មែរត្រូវតែខ្លាំង» ដែលបាននិងកំពុងរៀបចំឡើងដោយវិទ្យាស្ថានស៊ីអ៊ីអូ ក្នុងគោលដៅជំរុញវិស័យទេសចរណ៍ ឱ្យមានភាពប្រកួតប្រជែង និងមានចីរភាព ជាពិសេសការផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញ និងគុណភាពខ្ពស់។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស៊ីអ៊ីអូ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានលើកឡើងអំពីយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង ក្នុងការជំរុញវិស័យទេសចរណ៍ ឱ្យមានភាពប្រកួតប្រជែង និងមានចីរភាព ជាពិសេសការផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញ និងគុណភាពខ្ពស់។
ជាមួយគ្នានេះ លោក អោម សេងបូរ៉ា បានបង្ហាញពីតួនាទី និងសកម្មភាពរបស់វិទ្យាស្ថានស៊ីអ៊ីអូ ក្នុងការរៀបចំស្តង់ដាសម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍កម្ពុជា ការកសាងសមត្ថភាពសម្រាប់សហគ្រិនវិស័យទេសចរណ៍ ពោលគឺផ្តល់ការអប់រំ និងបណ្តុះបណ្តាលជំនាញដល់យុវជន និងមន្ត្រីជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសឯកឧត្តមបណ្ឌិត ក៏បានស្នើសុំពិនិត្យលទ្ធភាពចុះMoU ក្រោមយុទ្ធនាការ«ខ្មែរត្រូវតែខ្លាំង» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែខ្លាំង និងមាននិរន្តរភាព។
លោកក៏បានពិភាក្សាអំពីការរៀបចំកម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលនេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា ជំនួបពិភាក្សាការងារ ជាមួយវិទ្យាស្ថានស៊ីអ៊ីអូ នាថ្ងៃទី២៤មីនាកន្លងទៅនេះ ត្រូវបានដឹកនាំដោយលោក អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស៊ីអ៊ីអូ ខណៈសហការីដែលបានចូលរួមមានសរុបចំនួន៧០នាក់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថានស៊ីអ៊ីអូ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា៕