ថៃ៖ រដ្ឋាភិបាលថៃបានប្រកាសដាក់ចេញនូវវិធានការបន្ទាន់យ៉ាងតឹងរ៉ឹង ដើម្បីការពារស្ថិរភាពទីផ្សារថាមពល និងផលប្រយោជន៍សាធារណៈ ដោយបានបង្គាប់ឱ្យមន្ត្រីអធិការកិច្ចចុះត្រួតពិនិត្យស្តុកទំនិញនៅតាមស្ថានីយប្រេង និងឃ្លាំងស្តុកនានា ដើម្បីចាត់វិធានការច្បាប់ភ្លាមៗចំពោះការលាក់ទុកទំនិញ ឬការបដិសេធផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋដោយចេតនា។
រាយការណ៍ប្រាប់កាសែតថៃ The Nation មន្រ្តីថាមពលថៃបានប្រមានថា ចំពោះបុគ្គល ឬអាជីវកម្មណាដែលបំពានវិធានការទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌធ្ងន់ធ្ងរតាមច្បាប់គ្រាអាសន្នឆ្នាំ ១៩៧៣ ដែលអាចជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ឬពិន័យជាប្រាក់ ១០០,០០០ បាត(ប្រហែល៣០០០ដូល្លារ)។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលថៃបានសម្រេចផ្អាកការនាំចេញប្រេងឥន្ធនៈគ្រប់ប្រភេទជាបណ្តោះអាសន្ន ដោយសារវិបត្តិថាមពល(លើកលែងតែការនាំចេញទៅកាន់ឡាវ និងមីយ៉ាន់ម៉ា) និងបានប្រកាសតម្រូវឱ្យអ្នកជួញដូរបិទផ្សាយតម្លៃលក់រាយឱ្យបានច្បាស់លាស់ និងរាយការណ៍រាល់ការប្រែប្រួលតម្លៃទៅកាន់អាជ្ញាធរថាមពលថៃជាប្រចាំតាមរយៈមជ្ឈមណ្ឌល Hotline Damrongdhama ផងដែរ។