ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា នៅថ្ងៃទី ២៤ មីនា បានប្រកាសច្រានចោលចំពោះការចោទរបស់មេចារកម្មថៃដែលថាកម្ពុជាកំពុងត្រៀមវាយជុំទី៣។លោកស្រីបានចាត់ទុកសម្តីចោទនេះ គឺមិនត្រឹមត្រូវ និង ជាការអះអាងដោយគ្មានមូលដ្ឋាន។ការប្រកាសនេះ ធ្វើឡើងក្រោយពី ប្រធាននាយកដ្ឋានចារកម្មកងទ័ពថៃ បានព្រមានអំពីលទ្ធភាពដែលអាចកើតមានជម្លោះប្រដាប់អាវុធលើកទី៣ ជាមួយកម្ពុជា និងបានចោទកម្ពុជាបញ្ជាទិញសព្វាវុធទ្រង់ទ្រាយធំពីអឺរ៉ុបខាងកើត។
ប្រតិកម្មសម្តីនេះ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ពីជំហររបស់ កងយោធពលខេមរភូមិន្ទកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង កិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និង សន្តិសុខតាមបណ្តោយព្រំដែន។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និង អនុសញ្ញា សទ្ធិសញ្ញា និង កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន៕