ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr កាលពីយប់ថ្ងៃ ២៤មីនា បានសម្រេចប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នផ្នែកថាមពលថ្នាក់ជាតិកម្រិតខ្ពស់រយៈពេលមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃទីផ្សារថាមពលសកល និងការហក់ឡើងខ្ពស់នៃតម្លៃប្រេង ដែលបង្កឡើងដោយជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
រាយការណ៍ដោយសារព័ត៌មានរ៉យទ័រ តាមរយៈបទបញ្ជាប្រតិបត្តិថ្មីនេះ រដ្ឋាភិបាលហ្វីលីពីនទទួលបានសិទ្ធិអំណាចក្នុងការបញ្ជាទិញប្រេងឥន្ធនៈ និងផលិតផលប្រេងផ្សេងៗក្នុងករណីចាំបាច់ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដល់សន្តិសុខថាមពលជាតិ។ លោក Marcos ក៏បានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីគ្រប់គ្រងការចែកចាយទំនិញចាំបាច់ដូចជា ស្បៀងអាហារ ថ្នាំពេទ្យ និងផលិតផលកសិកម្ម ព្រមទាំងបានបញ្ជាឱ្យក្រសួងហិរញ្ញវត្ថុតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់លើតម្លៃប្រាក់ប៉េសូ និងអត្រាអតិផរណាផងដែរ។
សេចក្តីប្រកាសនេះបានកើតឡើងចំពេលដែលមានការរិះគន់ពីសំណាក់សមាជិកព្រឹទ្ធសភាជុំវិញភាពយឺតយ៉ាវនៃចំណាត់ការរដ្ឋាភិបាលហ្វីលីពីន ខណៈដែលក្រុមអ្នកបើកបរឡានឈ្នួល និងសមាគមអ្នកប្រើប្រាស់បានគ្រោងធ្វើកូដកម្មរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៦មីនានេះតទៅ ដើម្បីប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ធនៈដែលកំពុងដាក់សម្ពាធយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋហ្វីលីពីន។
គួរបញ្ជាក់ថា ហ្វីលីពីនគឺជាប្រទេសដំបូងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានប្រកាសដាក់ប្រទេសក្នុង «ស្ថានភាពអាសន្នផ្នែកថាមពលថ្នាក់ជាតិ» ជាផ្លូវការ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជម្លោះនៅមជ្ឈិមបូព៌ានាពេលនេះ៕