បន្ទាយមានជ័យ៖ ការរៀបចំដី និងផ្ទះជូនបងប្អូនភៀសសឹក នៅស្រុកស្វាយចេក មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋាន របស់ខ្លួនវិញ។ នេះបើយោងតាមការបញ្ជាក់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែមីនានេះ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសា យោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែង ដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជា ភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវីបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ចំពោះពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុំព័ទ្ធផ្ទះសម្បែង ដែលមិនអាចចូលទៅរស់នៅក្នុង ទីតាំងភូមិទាំង៦ខាងលើ រាជរដ្ឋាភិបាល ដែលមានសម្តេចនាយករដ្ឋមន្ត្រី តែងតែគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ និងជីវភាពរបស់ពលរដ្ឋ ហើយបាននិងកំពុងរៀបចំដីធ្លីជាគម្រោងរបស់ សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនពលរដ្ឋ ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធ បានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់។
ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការរៀបចំដី និងផ្ទះជូនបងប្អូនខាងលើនេះ មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋាន របស់ខ្លួនវិញ៕