681 ezgif.com resize
Swift cc time

ក្រុមប្រឹក្សាជាតិគាំពារសង្គម សហការជាមួយក្រសួងផែនការ ដាក់ដំណើរការ«ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម សហការជាមួយក្រសួងផែនការ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ប្រកាសដាក់ឱ្យដំណើរការ«ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា» ដែលនឹងជួយឱ្យការស្វែងរកអត្តសញ្ញាណមានភាពរហ័ស និងកំណត់អត្តសញ្ញាណក្រុមគោលដៅបានជាក់លាក់ជាងមុន ពិសេសជួយឱ្យពលរដ្ឋកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី, ការរង់ចាំយូរ, និងបន្ទុកនៃការធ្វើដំណើរ នៅពេលមកទទួលសេវាគាំពារសង្គម។

លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការ “ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា” នាថ្ងៃនេះ ជាការបោះជំហានដ៏សំខាន់ និងជាការសម្រេចបាននូវបង្គោលចរថ្មីមួយទៀត ពោលគឺ ធ្វើទំនើបកម្ម និងសុខដុមនីយកម្ម ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងដំណើរការលើប្រព័ន្ធអេកូឡូស៊ីគាំពារសង្គមឌីជីថលរួម នៃថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដូចដែលបានកំណត់ក្នុង ផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨។

លោកបន្តថា ការធ្វើទំនើបកម្ម និងសុខដុម-នីយកម្មនេះ នឹងរួមចំណែកជាកាតាលិករដ៏សំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការអនុវត្ត ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្ត កាលពីខែ កុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ។

ជាមួយគ្នានេះ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ការដាក់ឱ្យដំណើរការ “ផតថល IDPoor លើថ្នាលឌីជីថល DSPP” នៅថ្ងៃនេះ ជាជំហានដ៏សំខាន់មួយ ក្នុងដំណើរការបន្តធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គមតាមបែបឌីជីថល។ ផតថលនេះ ត្រូវបានអភិវឌ្ឍឡើងជាមុខងារស្នូលមួយ នៅលើថ្នាលឌីជីថល DSPP ដែលបានចាប់ផ្តើមអនុវត្តជាដំណាក់កាល និងកំពុងបន្តពង្រីក វិសាលភាពទូទាំងប្រទេស ដើម្បីធានាឱ្យមានប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យដែលមានភាពសុក្រឹត, សង្គតិភាព, និងអាចធ្វើអន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីរួម។

លោកពន្យល់ថា តាមរយៈសមត្ថភាពរបស់ថ្នាលឌីជីថល DSPP, ផតថល IDPoor អាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបដែលមានស្រាប់ រួមមានមុខងារស្វែងរកអត្តសញ្ញាណរហ័ស (Fast Search) ដែលអាចស្វែងរកអត្តសញ្ញាណអ្នកទទួលផល តាមរយៈលេខសម្គាល់ខ្លួនមួយណាក៏បាន តួយ៉ាងដូចជាអត្តសញ្ញាណបណ្ណ, បណ្ណសមធម៌, បណ្ណសម្គាល់ជនមានពិការភាព, បណ្ណ ប.ស.ស. ឬគ្រាន់តែស្កេនខ្ចៅដៃ និងថតផ្ទៃមុខ, មុខងារចាប់យកតួអក្សរចេញពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបំពេញទិន្នន័យដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, និងការធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធពាក់ព័ន្ធផ្សេងទៀត ព្រមទាំងការបង្កើតលេខសម្គាល់គាំពារសង្គមតែមួយគត់ (Unique SPID) សម្រាប់ពលរដ្ឋគោលដៅ និងបានបំពាក់នូវមុខងារផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណជាមួយ ប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណកម្មប្រជាជន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដើម្បីបង្កើនសុក្រឹត្យភាព តម្លាភាពនៃការចុះបញ្ជី និងការកំណត់អត្តសញ្ញាណក្រុមគោលដៅ បានជាក់លាក់ជាងមុន។

ការប្រើប្រាស់ផតថលនេះ នឹងកាន់តែផ្តល់ភាពងាយស្រួលដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស មន្រ្តីអនុវត្តកម្មវិធីនៅឃុំ-សង្កាត់ ក្នុងការកំណត់, ពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នកម្មព័ត៌មានគ្រួសារគោលដៅ និងសមាជិក តាមរយៈថ្នាលឌីជីថលតែមួយ ដែលមានលក្ខណៈស្តង់ដា, សាមញ្ញក្នុងការប្រើប្រាស់ និងអាចធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធផ្សេងៗបាន។ ទន្ទឹមនេះ, សម្រាប់ពលរដ្ឋ ផតថលនេះនឹងរួមចំណែកក្នុងការកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី, ការរង់ចាំយូរ, និងបន្ទុកនៃការធ្វើដំណើរ, ឬផ្តល់ព័ត៌មានអត្តសញ្ញាណដដែលៗ នៅពេលមកទទួលសេវាគាំពារសង្គម។ នេះជាការបញ្ជាក់របស់លោក ចន ណារិទ្ធ៕


Khcct banner

អត្ថបទទាក់ទង