
ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិន ធៀន (Wang Wen Tian)ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានផ្ញើសារអបអរសារទរខួប២៧ឆ្នាំនៃការបង្កើតសារព័ត៌មានពាណិជ្ជកម្ម(The Commercial News)ដែលផ្សាយជាភាសាចិនក្នុងប្រទេសកម្ពុជា។
ក្នុងសារអបអរសាទរ ឯកឧត្តម វ៉ាង វិន ធៀនបានថ្លែងថា ក្នុងនាមជាកាសែតផ្សាយជាភាសាចិនធំជាងគេមួយនៅកម្ពុជា សារព័ត៌មានពាណិជ្ជកម្មបានប្រកាន់ខ្ជាប់នូវគោលបំណងលើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជា ផ្សព្វផ្សាយវប្បធម៌ចិន បំរើសហគមន៍ចិនយ៉ាងសកម្ម និងបង្កើតជាវេទិកាផ្លាស់ប្តូរសេដ្ឋកិច្ចពាណិជ្ជកម្ម និងវប្បធម៌សំរាប់ជនជាតិចិន អនិកជនចិន និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសនោះបានជំរុញមិត្តភាពរវាងប្រទេសកម្ពុជានិងចិនអោយកាន់តែភាពស្អិតរមួត។
បើតាមឯកឧត្តមរដ្ឋទូតចិន សារព័ត៌មានពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ជាស្ពានជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា ហើយបានចូលរួមចំណែកយ៉ាងធំធេង ចំពោះការជំរុញមិត្តភាពរបស់ប្រទេសទាំងពីរ។
ឯកឧត្តម វ៉ាង វិន ធៀនបានសង្ឃឹមថាសារព័ត៌មានពាណិជ្ជកម្មនឹងប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ល្អនេះ យកចិត្តទុកដាក់ចំពោះវាសនាប្រទេសជាតិ និង មតិរបស់សាធារណៈជន ដោយបោះជំហានទៅមុខជាបន្តទៀត បន្តសរសេររឿងល្អៗ ដើម្បីពង្រីកនិងបង្កើនមិត្តភាពរវាងប្រជាជនចិននិងកម្ពុជា ។
ឯកឧត្តមសង្ឃឹមថា សារព័ត៌មានពាណិជ្ជកម្ម និងបន្តចូលរួមចំណែកកាន់តែច្រើនក្នុងការធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យរបស់ប្រទេសចិននិងប្រទេសកម្ពុជា ៕