អាម៉េរិក៖ យន្តហោះដឹកអ្នកដំណើរ Air Canada មួយគ្រឿងបានបុករថយន្តសង្គ្រោះមួយគ្រឿងនៅអាកាសយានដ្ឋាន LaGuardia ក្នុងទីក្រុងញូវយ៉កកាលពីល្ងាចថ្ងៃអាទិត្យ ដោយបានសម្លាប់អ្នកបើកយន្តហោះពីរនាក់ និងបញ្ជូនមនុស្ស ៤១ នាក់ផ្សេងទៀតទៅកាន់មន្ទីរពេទ្យ ដែលនេះជាគ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់ដែលបានបំផ្លាញផ្នែកខាងមុខនៃយន្តហោះស្ទើរតែទាំងស្រុង និងបានបង្ខំឱ្យអាកាសយានដ្ឋាន LaGuardia បិទទ្វារស្ទើរតែពេញមួយថ្ងៃបន្ទាប់ពីកើតសោកនាដកម្មមួយនេះ។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNN យន្តហោះ Bombardier CRJ-900 ដែលចុះចតពីទីក្រុង Montreal ជាមួយអ្នកដំណើរ ៧២ នាក់ និងសមាជិកនាវិក ៤ នាក់ កំពុងចុះចតមិនយូរប៉ុន្មានមុនពាក់កណ្តាលអធ្រាត្រ បានបុកពន្លត់អគ្គីភ័យ និងបណ្តាលឲ្យអ្នកបើយន្តហោះពីរនាក់ស្លាប់ភ្លាមៗ និងក្បាលយន្តហោះរងការខូចខាតស្ទើរតែទាំងស្រុង។
ក្នុងសោកនាដកម្មដ៏សាហាវនេះអ្នកបើកយន្តហោះ និងជំនួយការបើកយន្តហោះនៅផ្នែកខាងមុខដែលរងការខូចខាតបានស្លាប់ទាំងពីរនាក់ ដោយមានអ្នកដំណើរជាច្រើននាក់ក្នុងចំណោម ៧២ នាក់ និងសមាជិកនាវិកបួននាក់នៅលើយន្តហោះចុះចតក៏រងរបួសផងដែរ។ អ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមានចំនួន ៤១ នាក់រួមមានប៉ូលីសពីរនាក់នៅលើឡានសង្គ្រោះ។
លោកស្រី Kathryn Garcia នាយកប្រតិបត្តិអាជ្ញាធរកំពង់ផែនៃទីក្រុងញូវយ៉ក បានប្រាប់អ្នកយកព័ត៌មានថា ក្នុងចំណោមមនុស្ស ៤១ នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ មាន ៣២នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ៕