ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម បានដាក់ចេញនូវសេចក្តីព្រាង “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា” ក្នុងគោលបំណងជំរុញការគាំទ្រលើសុខុមាលភាពជនអនាថា ដោយធានាលទ្ធភាពទទួលបានសេវាសង្គមកិច្ចសំខាន់ៗ និងអត្ថប្រយោជន៍នានាពីប្រព័ន្ធគាំពារសង្គម ក៏ដូចជាការលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពអនាថាជាដើម។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៥ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន២។
ជាលទ្ធផល សម្រាប់របៀបវារៈទី១, អង្គប្រជុំបានពិនិត្យ និងពិភាក្សា យ៉ាងយកចិត្តទុកដាក់ និងផុសផុលលើសេចក្តីព្រាង “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា” ក្នុងគោលបំណង ផ្តល់ដំណោះស្រាយជាយុទ្ធសាស្ត្រ និងមានលក្ខណៈជាប្រព័ន្ធ, ជំរុញការគាំទ្រលើសុខុមាលភាពជនអនាថា ដោយធានាលទ្ធភាពទទួលបានសេវាសង្គមកិច្ចសំខាន់ៗ និងអត្ថប្រយោជន៍នានាពីប្រព័ន្ធគាំពារសង្គម, រៀបចំប្រព័ន្ធអភិបាលកិច្ចច្បាស់លាស់តាមរយៈការពង្រឹងតួនាទី និងភារកិច្ចរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង ពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីកាត់បន្ថយភាពអនាថា, លើកកម្ពស់ជីវភាព ស្តារនីតិសម្បទា, និងជំរុញការធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញតាមរយៈការបង្កើតយន្តការកំណត់អត្តសញ្ញាណច្បាស់លាស់។
ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើចំណុចជាយុទ្ធសាស្ត្រសំខាន់ៗ និងបានផ្តល់មតិយោបល់កែសម្រួលខ្លឹមសារមួយចំនួន ដើម្បីឱ្យសេចក្តីព្រាងគោលនយោបាយនេះ កាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ មុននឹងគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅពេលខាងមុខ។ បន្ទាប់ពីទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់, គោលនយោបាយនេះ នឹងក្លាយជាក្របខណ្ឌរួម ដែលចង្អុលបង្ហាញនូវដំណោះស្រាយជាយុទ្ធសាស្ត្រ និងយន្តការនានា សម្រាប់តម្រង់ទិសដល់ភាគីពាក់ព័ន្ធគ្រប់កម្រិតលើការងារគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថាទូទាំងប្រទេស៕