Img 1426
Swift cc time

«ប្រឡាយទឹកបុរាណ»២ខ្សែ ប្រវែងជាង៤គីឡូម៉ែត្រក្នុងតំបន់អង្គរ បានបញ្ចប់ការស្ដារជាស្ថាពរ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ រយៈពេល២ឆ្នាំ គម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយប្រទេសនូវែលហ្សេឡង់(New Zealand) បានបញ្ចប់រួចរាល់ជាស្ថាពរ ការងារស្ដារប្រឡាយទឹកបុរាណចំនួន២ខ្សែ មានប្រវែង សរុប៤៣៩០ម៉ែត្រ ស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួក។

ប្រឡាយទឹកបុរាណទាំងពីរខ្សែនេះ បានរួមចំណែកក្នុងការងារអភិរក្សប្រឡាយទឹកបុរាណ ទេសភាពវប្បធម៌ និងជាប្រព័ន្ធរំដោះទឹកជំនន់ចេញពីតំបន់អង្គរ និងក្រុងសៀមរាប ព្រមទាំងជួយរំដោះទឹកភ្លៀងចេញពីភូមិដ្ឋានរបស់ពលរដ្ឋ។ ប្រឡាយ២ខ្សែនេះ ក៏មានតួនាទីជួយរក្សាទឹកទុកសម្រាប់ពលរដ្ឋក្នុងឃុំ យកទៅស្រោចស្រពស្រែចម្ការ ដំណាំ និងផ្តល់ផលនេសាទ ព្រមទាំងធ្វើជាផ្លូវដីតាមខ្នងទំនប់សងខាងប្រឡាយ សម្រាប់ពលរដ្ឋក្នុងភូមិអាចធ្វើចរាចរ និងដឹកជញ្ជូនកសិផលជាដើម។

បច្ចុប្បន្ននេះ មានពលរដ្ឋក្នុងភូមិមួយចំនួន កំពុងទទួលប្រយោជន៍ដោយផ្ទាល់ពីគម្រោងស្ដារប្រឡាយបុរាណ២ខ្សែនេះ ដូចជា ភូមិគោកត្នោត ភូមិប្រាសាទចារ្យ និងភូមិល្បើក។ ជាមួយគ្នានេះ មានពលរដ្ឋនៅភូមិខ្លះទៀត ក៏ទទួលផលដោយប្រយោលពីប្រឡាយបុរាណនេះដែរ ដូចជាភូមិនគរក្រៅ ភូមិគោកបេង ភូមិគោកពោធិ៍ ភូមិរហាល ភូមិពាម និងភូមិតាស្នែ ជាដើម។

ដើម្បីជាការរួមចំណែកក្នុងការគ្រប់គ្រងទឹកនៅក្នុងភូមិសាស្រ្តឃុំដូនកែវ ស្រុកពួកនេះឱ្យកាន់តែមានប្រសិទ្ធភាព គម្រោងAWR ក៏បានធ្វើការសាងសង់សំណង់ធារាសាស្ត្រមួយចំនួននៅតាមបណ្តោយប្រឡាយទាំងនេះថែមទៀត ដូចជាសំណង់ទ្វារទឹកថ្មីចំនួន៤កន្លែង សំណង់បង្ហៀរ១កន្លែង និងជួសជុលទំនប់សងខាងប្រឡាយប្រវែង១០០០ម៉ែត្រ៕


Khcct banner

អត្ថបទទាក់ទង