Img 1426
Swift cc time

ក្រសួងទេសចរណ៍ រួមគ្នាជាមួយក្រសួងសុខាភិបាល រៀបចំព្រឹត្តិការណ៍ដំណើរទស្សនកិច្ចតំបន់អង្គរ ក្នុងយុទ្ធនាការរៃអង្គាសថវិកា «Walk for a Smile»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

សៀមរាប៖ ក្រសួងទេសចរណ៍ និង ក្រសួងសុខាភិបាល រួមគ្នាសហការរៀបចំព្រឹត្តិការណ៍ដំណើរទស្សនកិច្ចតំបន់អង្គរក្នុងយុទ្ធនាការរៃអង្គាសថវិកា «Walk for a Smile» ដែលបានបង្ហាញអំពីទឹកចិត្តសប្បុរសធម៌ ខ្មែរជួយខ្មែរ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសប្រតិបត្តិការល្អ ជាពិសេសជាតម្លៃបន្ថែមខ្ពស់ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និង សេដ្ឋកិច្ចកម្ពុជា។

នាឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគាំទ្រយ៉ាងពេញទំហឹងនូវរាល់សកម្មភាពដែលផ្សារភ្ជាប់ទេសចរណ៍ សុខភាព និងមនុស្សធម៌ ដែលព្រឹត្តិការណ៍នេះបានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាមិនត្រឹមតែមានប្រាសាទបុរាណដ៏អស្ចារ្យ និងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាគឺជា “ព្រះរាជាណាចក្រ អច្ឆរិយៈដែលផ្តល់នូវភាពកក់ក្តៅ” តាមរយៈបេះដូងសប្បុរសធម៌របស់ប្រជាជនយើង ជាមួយនឹងស្នាមញញឹម ដែលត្រូវបានពិភពលោក ប្រសិទ្ធនាមថា «ស្នាមញញឹមកម្ពុជា»។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគូសបញ្ជាក់បន្ថែមថា សកម្មភាពនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់រូបភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោកថា កម្ពុជាគឺជាប្រជាជាតិមួយដែលពោរពេញដោយក្តីស្រឡាញ់ និងការចែករំលែក។

សូមរំលឹកថា តាមកម្មវិធីដែលបានគ្រោងទុក «Walk for a Smile» គណៈប្រតិភូក៏បានចូលរួមទស្សនាប្រាសាទនានានៅតំបន់អង្គរ និងការទស្សនាព្រឹត្តិការណ៍ សមរាត្រីអង្គរ (Angkor Equinox) ដែលជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តចំនួន២ដងជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា, និងរដូវវស្សា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ពោលគឺព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ តែងតែបានទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ចូលរួមទស្សនានិងផ្តិតយករូបភាពនៃបាតុភូតពិសេសនេះ នៅប្រាសាទអង្គរវត្ត ជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា ក្នុងកម្មវិធីមនុស្សធម៌នេះ មានការចូលរួមពីលោក ចាន់ កុក ចយ នាយកប្រតិបត្តិអង្គការស្នាមញញឹមកម្ពុជា (smile Cambodia), ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល, អភិបាលរងខេត្តសៀមរាប, តំណាងអង្គការស្នាមញញឹមកម្ពុជា, ក្រុមគ្រូពេទ្យស័្មគ្រចិត្ត, តំណាងអាជ្ញាធរជាតិអប្សរា, មន្ទីរពាក់ព័ន្ធជុំវិញខេត្ត, សមាគមក្នុងឧស្សាហកម្មទេសចរណ៍, CATA, ធនាគារ, ក្រុមហ៊ុន- ដៃគូឧបត្ថម្ភ និងវិស័យឯកជន សរុបប្រមាណ ៣០០នាក់៕



Khcct banner

អត្ថបទទាក់ទង