681 ezgif.com resize
Swift cc time

លោក ថងលុន បន្តជាប់ជាប្រធានរដ្ឋឡាវ ខណៈលោក សនសៃ ស៊ីផាន់ដន បន្តជាប់ជានាយករដ្ឋមន្ត្រីឡាវ អាណត្តិថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀងចន្ទន៍៖រដ្ឋសភាជាតិឡាវ នៅថ្ងៃទី ២៣ មីនានេះ បានកោះប្រជុំសភាពេញអង្គ ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភាជាតិ រដ្ឋ និង រដ្ឋាភិបាលថ្មី។ក្នុងសម័យប្រជុំនោះ លោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ត្រូវបានរដ្ឋសភាជាតិឡាវបោះឆ្នោតគាំទ្រឱ្យបន្តកាន់តំណែងជាប្រធានរដ្ឋឡាវ ហើយ លោក សនសៃ ស៊ីផាន់ដន បន្តជាប់ជានាយករដ្ឋមន្ត្រីឡាវ អាណត្តិថ្មី។

យោងតាមលទ្ធផលនៃកិច្ចប្រជុំ សមាជិករដ្ឋសភាឡាវ បានផ្ដល់សេចក្តីទុកចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៩៩ ភាគរយ ជូនដល់លោក ថងលុន ដើម្បីបន្តដឹកនាំក្នុងតំណែងកំពូលនេះ ដែលស្តែងឱ្យឃើញពីជំនឿចិត្តយ៉ាងខ្លាំងលើបទពិសោធន៍ និង សមត្ថភាពដឹកនាំដ៏មានប្រសិទ្ធភាពរបស់លោក។ ជាមួយគ្នានេះដែរ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ក៏ត្រូវបានបោះឆ្នោតឱ្យបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាលអាណត្តិថ្មីផងដែរ។

លោក សនសៃ ស៊ីផាន់ដន ជាកូនប្រុសរបស់អតីតប្រធានរដ្ឋឡាវដ៏មានឥទ្ធិពល លោក ខាំតៃ ស៊ីផាន់ដន ត្រូវបានគេរំពឹងថានឹងបន្តបេសកកម្មដោះស្រាយវិបត្តិសេដ្ឋកិច្ចជាតិ ជាពិសេសការគ្រប់គ្រងអតិផរណា និង ការទាក់ទាញការវិនិយោគពីបរទេស ដើម្បីស្រោចស្រង់ និងជំរុញកំណើនសេដ្ឋកិច្ចឡាវឡើងវិញ។

តាមផែនការ សម័យប្រជុំរដ្ឋសភាលើកទី១ នេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៧ ខែមីនា ដើម្បីពិនិត្យ និង អនុម័តលើរបៀបវារៈជាតិសំខាន់ៗ រួមមាន ផែនការនីតិកម្ម យុទ្ធសាស្ត្រអភិវឌ្ឍន៍ និង ក្របខណ្ឌស្ថាប័នសម្រាប់អាណត្តិថ្មី។ ការបន្តដឹកនាំរបស់ថ្នាក់ដឹកនាំទាំងពីររូបនេះ ត្រូវបានគេមើលឃើញថា មានសារៈសំខាន់បំផុត ក្នុងការរក្សាស្ថិរភាពនយោបាយ និង ការជំរុញអាទិភាពអភិវឌ្ឍន៍ជាតិឱ្យកាន់តែរីកចម្រើនទៅមុខ៕

Khcct banner

អត្ថបទទាក់ទង