ខេត្តឡាវកាយ/វៀតណាម៖ សម្តេច ម៉ែន សំអន តំណាងរាស្ត្រខេត្តស្វាយរៀង,ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្នាក់ដឹកនាំរណសិរ្សមាតុភូមិ វៀតណាមខេត្តឡាវកាយ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរឹតចំណងសាមគ្គីភាព និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរណសិរ្សនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ហ្សាង ធិហ្សុង (Giàng Thị Dung) លេខាធិការរងបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តឡាវកាយ កាលពីរាត្រីថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦។
សម្តេច ម៉ែន សំអន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្សព្វផ្សាយ និងការបំផុសគំនិតដល់យុវជនជំនាន់ក្រោយ ឱ្យយល់ដឹងច្បាស់ពីតម្លៃនៃទំនាក់ទំនងទ្វេភាគី។ កិច្ចសហប្រតិបត្តិការនេះ ត្រូវឈរលើទិសស្លោក៖ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍរួមគ្នានៅថ្ងៃអនាគត។
សម្តេចបានសម្តែងនូវការអបអរសាទរយ៉ាងស្មោះសរចំពោះ ជោគជ័យនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ នៃបក្សកុម្មុយនីស្តវៀតណាម និងជោគជ័យនៃការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។ ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ត វៀតណាម ដែលជំរុញឱ្យខេត្តឡាវកាយមានការអភិវឌ្ឍយ៉ាងស្វាហាប់។
ជាការឆ្លើយតប លោកស្រី ហ្សាង ធិហ្សុង បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រថ្មីនៃខេត្តឡាវកាយ (ក្រោយការច្របាច់បញ្ចូលគ្នាជាមួយខេត្តអៀនបាយ) ដែលជាខេត្តយុទ្ធសាស្ត្រជាប់ព្រំដែនចិន។ លោកជំទាវបានលើកឡើងពីសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥ ដែលខេត្តនេះទាក់ទាញភ្ញៀវទេសចរបានរហូតដល់ ១០លាននាក់ តាមរយៈសក្តានុពលខ្លាំងលើវិស័យកសិកម្ម និងទេសចរណ៍ ដែលជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់៕