ភ្នំពេញ៖ សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃប្រេងនៅទូទាំងពិភពលោកមានការឡើងថ្លៃ ហើយសំបុត្រយន្តហោះនៅតាមក្រុមហ៊ុនអាកាសចរណ៍មួយចំនួនធំក៏មានការឡើងថ្លៃដូចគ្នា ដែលករណីនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀត។ ប៉ុន្តែសម្រាប់កម្ពុជាបច្ចុប្បន្ននេះ គឺនៅតែមានភ្ញៀវទេសចរបរទេសកក់កញ្ចប់ទេសចរណ៍មកកម្សាន្តជាធម្មតា ហើយភ្ញៀវទេសចរបរទេសមួយចំនួនតូចប៉ណ្ណោះដែលបានលុបចោលការកក់កញ្ចប់ទេសចរណ៍នៅកម្ពុជា ព្រោះបញ្ហាឡើងថ្លៃសំបុត្រយន្តហោះ។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) មកកាន់ស៊ីស៊ីថាមស៍។
លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា ចំពោះតម្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោកដែលកំពុងឡើងថ្លៃជាបន្តបន្ទាប់ បានធ្វើឱ្យតម្លៃសំបុត្រយន្តហោះនៅតាមក្រុមហ៊ុនអាកាសចរណ៍មានការឡើងថ្លៃដូចគ្នា ដូច្នេះវាបានជះផលប៉ះពាល់តិចតួចដល់ភ្ញៀវទេសចរបរទេសដែលចង់មកកម្សាន្តនៅកម្ពុជា ព្រោះភ្ញៀវត្រូវបន្ថែមលុយទៅក្នុងកញ្ចប់ទេសចរណ៍ចាស់ដែលបានកក់រួចខណៈខាងទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបូកបន្ថែមនូវតម្លៃនេះ។
លោកស្រីពន្យល់ថា ក្នុងរណីនេះ ភ្ញៀវទេសចរបរទេសមួយចំនួនបានយល់ពីបញ្ហានេះ និងព្រមបន្ថែមថវិកាទៅក្នុងកញ្ចប់ទេសចរដែលខ្លួនបានកក់ ដើម្បីបានមកកម្សាន្តនៅកម្ពុជា ហើយមួយចំនួនតូចទៀតបានលុបចោលដំណើរកម្សាន្តនៅកម្ពុជា ប៉ុន្តែមិនជាបញ្ហានោះទេ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលបានភ្ញៀវបរទេសមកកម្សាន្តយ៉ាងច្រើន ហើយពួកគាត់កំពុងរីករាយនឹងសេវាកម្មដែលទីភ្នាក់ងារបានរៀបចំ។ លោកស្រីបានបញ្ជាក់ថា ចំពោះទីផ្សារទេសចរបរទេសដែលកម្ពុជាទទួលបានក្នុងខែមករាគឺភ្ញៀវវៀតណាមមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ បន្ទាប់មកគឺចិន អាម៉េរិក និងអឺរ៉ុបជាដើម។
ប្រសិនបើសង្រ្គាមនៅមជ្ឈិមបូព៌ានៅតែបន្ត លោកស្រីយល់ឃើញថា ការធ្វើពាណិជ្ជកម្មប្រេងនឹងកាន់តែមានផលលំបាក និងប៉ះពាល់ដល់វិស័យទេសចរណ៍កាន់តែខ្លាំង មិនថាតែប្រទេសកម្ពុជាទេប៉ុន្តែគឺប្រទេសទាំងអស់នៅក្នុងតំបន់នឹងទទួលរងផលប៉ះពាល់មួយនេះ ព្រោះថាអ្នកដំណើរនឹងមានភាពប្រយ័ត្នប្រយែង និងកាត់បន្ថយកាន់តែខ្លាំងលើការចំណាយនានា។ ទោះជាយ៉ាងណា ប្រធានសមាគម CATA សង្ឃឹមថា ទេសចរផ្ទៃក្នុងកម្ពុជានឹងអាចជួយសេវាកម្មនានាក្នុងវិស័យទេសចរណ៍ឱ្យមានភាពធន់បាន៕