អង់គ្លេស៖ រដ្ឋាភិបាលចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រ បានសម្រេចប្រកាសអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិក ប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន ដើម្បីបើកការវាយប្រហារលើទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ ដែលបាននិងកំពុងវាយប្រហារលើកប៉ាល់នានាក្នុងតំបន់ច្រកសមុទ្រ Hormuz។
យោងតាមការរាយការណ៍របស់សារព័ត៌មាន Reuters លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានសម្រេចចិត្តផ្លាស់ប្តូរជំហររបស់ខ្លួន បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារលើសម្ព័ន្ធមិត្តរបស់អង់គ្លេស។ ការអនុញ្ញាតនេះ រួមមានការឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស RAF Fairford និងមូលដ្ឋានទ័ពរួមគ្នា Diego Garcia នៅមហាសមុទ្រឥណ្ឌា។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានព្រមានថា សកម្មភាពនេះកំពុងដាក់ជីវិតប្រជាជនអង់គ្លេសឱ្យស្ថិតក្នុងគ្រោះថ្នាក់ ហើយអ៊ីរ៉ង់នឹងប្រើប្រាស់សិទ្ធិការពារខ្លួនដើម្បីឆ្លើយតបវិញ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេស ធ្លាប់បានបដិសេធសំណើរបស់លោក ត្រាំ ក្នុងការប្រើប្រាស់មូលដ្ឋានទ័ពខ្លួន ដើម្បីវាយប្រហារលើអ៊ីរ៉ង់ ដែលបង្កឱ្យមានការរកាំរកូសរវាងប្រទេសទាំងពីរ។ ប៉ុន្តែ ជំហរនេះបានផ្លាស់ប្តូរ បន្ទាប់ពីក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រើប្រាស់អាវុធវាយប្រហារលើនាវាដឹកជញ្ជូនអន្តរជាតិ។ ដោយឡែក កាលពីពេលថ្មីៗនេះ លោក ត្រាំ ក៏ទើបតែបានប្រកាសផងដែរថា អាម៉េរិកជិតសម្រេចបានជ័យជម្នះទាំងស្រុង លើប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ហើយ។