អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ២០មីនាបានប្រកាសតាមរយៈបណ្តាញសង្គម Truth Social ថា សហរដ្ឋអាម៉េរិកជិតសម្រេចបាននូវគោលដៅយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ាហើយ និងកំពុងពិចារណាកាត់បន្ថយប្រតិបត្តិការប្រឆាំងនឹងអ្វីដែលលោកហៅថា «របបភេរវករអ៊ីរ៉ង់»។ លោកបានគូសបញ្ជាក់ថា បេសកកម្មដ៏ធំនេះបានឈានដល់ដំណាក់កាលចុងក្រោយ បន្ទាប់ពីកងកម្លាំងអាម៉េរិកបានកម្ទេចសមត្ថភាពមីស៊ីល មូលដ្ឋានឧស្សាហកម្មការពារជាតិ ក៏ដូចជាកម្លាំងជើងទឹក និងជើងអាកាសរបស់អ៊ីរ៉ង់យ៉ាងដំណំ។
តាមការប្រកាសដដែល លោកត្រាំ បានរៀបរាប់ពីសមិទ្ធផលសំខាន់ៗចំនួន ៥ ចំណុច រួមមាន៖ ១. ការធ្វើឱ្យចុះខ្សោយទាំងស្រុងនូវសមត្ថភាពមីស៊ីល និងគ្រឿងបំពាក់អាវុធរបស់អ៊ីរ៉ង់។ ២. ការបំផ្លាញមូលដ្ឋានឧស្សាហកម្មការពារជាតិ។ ៣. ការលុបបំបាត់កម្លាំងជើងទឹក ជើងអាកាស និងប្រព័ន្ធការពារដែនអាកាស។ ៤. ការទប់ស្កាត់មិនឱ្យអ៊ីរ៉ង់មានឱកាសឈានទៅដល់ការបង្កើតអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ៥. ការការពារសម្ព័ន្ធមិត្តក្នុងតំបន់ រួមមាន អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម បារ៉ែន និងគុយវ៉ែត។
ជាចុងក្រោយ លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា ការយាមល្បាតនៅច្រកសមុទ្រ Hormuz គួរតែជាភារកិច្ចរបស់ប្រទេសដែលប្រើប្រាស់ផ្លូវទឹកនេះ ចំណែកអាម៉េរិកនឹងជួយជ្រោមជ្រែងតែក្នុងករណីចាំបាច់ប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា នៅពេលដែលការគំរាមកំហែងពីអ៊ីរ៉ង់ត្រូវបានលុបបំបាត់ ការការពារសន្តិសុខក្នុងតំបន់នឹងក្លាយជា «ប្រតិបត្តិការយោធាដ៏ងាយស្រួល» សម្រាប់បណ្តាប្រទេសសម្ព័ន្ធមិត្តទាំងនោះ។
គួរបញ្ជាក់ថា ប្រតិបត្តិការយោធាលើអ៊ីរ៉ង់ (Operation Epic Fury) បានឈានដល់សប្តាហ៍ទី ៤ តាំងតែពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។ យោងតាមការវាយតម្លៃពីមន្ត្រីមន្ទីរបញ្ចកោណ និងអ្នកជំនាញសេដ្ឋកិច្ច ប្រតិបត្តិការនេះត្រូវបានប៉ាន់ប្រមាណថា បានចំណាយថវិកាជាតិអាម៉េរិកអស់ប្រមាណជាង ១៨ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ដំបូងប៉ុណ្ណោះ ដែលក្នុងនោះរួមមានការចំណាយលើគ្រាប់មីស៊ីល Tomahawk ទំនើបៗ និងប្រព័ន្ធការពារដែនអាកាសជាច្រើនទៀត។