681 ezgif.com resize
Swift cc time

កម្ពុជា បញ្ជាក់មិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយ តាមការអះអាងជាឯកតោភាគីដោយថៃឡើយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់មិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយតាម ការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ។ កម្ពុជា អំពាវនាវដល់ថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ ដោយសូមជៀសវាងធ្វើសកម្មភាពឯកតោភាគីបន្ថែមទៀត និងធានាការអនុវត្តរាល់កិច្ចព្រមព្រៀងពាក់ព័ន្ធរវាងប្រទេសទាំងពីរឱ្យបានពេញលេញ និងដោយសុច្ឆន្ទៈ សំដៅបន្ធូរស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

យោងតាមក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា នៅចុងសប្តាហ៍នេះ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងការបន្តសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំងនៅក្នុងតំបន់បឹងត្រកួន និងនៅតំបន់អូរទឹកចោល។

ក្រសួងបានឱ្យដឹងថា នៅតំបន់បឹងត្រកួន ឃើញមានផ្សែងហុយចេញពីទីតាំងចំនួនបី ដែលសន្មត់ថាជាផ្ទះកំពុងឆេះនៅ ក្នុងតំបន់លំនៅដ្ឋានរបស់កម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់នៃកង កម្លាំងប្រដាប់អាវុធថៃ។ នៅតំបន់អូរទឹកចោល ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងប្រដាប់អាវុធ ថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី ក៏ដូចជាការសាងសង់ផ្លូវ និងសំណង់បេតុងផ្សេងៗ ដែល លាតសន្ធឹងពីតំបន់ប្រាសាទខ្នារ ឆ្ពោះទៅតំបន់ប្រាសាទតាក្របី ក្នុងទឹកដីកម្ពុជា។

តាមសេចក្តីរាយការណ៍បានឱ្យដឹងទៀតថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយមន្ត្រីនាយកដ្ឋានព្រៃឈើ និងមន្ត្រីសុរិយោដី បានធ្វើសកម្មភាពវាស់វែងដីធ្លី និងបែងចែកដីចំនួន៣កន្លែងដល់ប្រជាពលរដ្ឋថៃ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រទេសថៃឱ្យបញ្ឈប់ជាបន្ទាន់នូវ រៀបរាប់ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ក្រោមកាលៈទេសៈស្រដៀងគ្នានេះ ដោយសូមជៀសវាងធ្វើសកម្មភាពឯកតោភាគីបន្ថែមទៀត និងធានាការអនុវត្តរាល់កិច្ចព្រមព្រៀងពាក់ព័ន្ធរវាងប្រទេសទាំងពីរឱ្យបានពេញលេញ និងដោយសុច្ឆន្ទៈ សំដៅបន្ធូរស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សារជាថ្មី រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់នូវការប្តេជ្ញាចិត្តម៉ឺងម៉ាត់ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធីស្របច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ហើយទន្ទឹមនេះនៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរគោលការណ៍របស់ខ្លួន ថាខ្សែព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕

Khcct banner

អត្ថបទទាក់ទង