ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២០មីនា បានរៀបចំកម្មវិធី“រាត្រីនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ” ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី១០ និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦។
កម្មវិធីនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ចូលរួមយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងដំណើររួមគ្នា ឆ្ពោះទៅរកសន្តិភាព វិបុលភាព និង ភាពសុខដុមរមនា។ លោកបន្តថា ក្នុងរយៈពេល ១ទសវត្សរ៍ កន្លងមកនេះ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានវិវត្តទៅជាវេទិកា ដែលផ្តោតលើលទ្ធផល ប្រកបដោយភាពស្វាហាប់ និង ជំរុញកិច្ចសន្ទនា, ការអភិវឌ្ឍ និងការជឿទុកចិត្តគ្នា ទៅវិញទៅមក ក្នុងចំណោមប្រទេសជាសមាជិក។ កិច្ចសហប្រតិបត្តិការរបស់យើង បានផ្តល់នូវវឌ្ឍនភាពជាក់ស្តែង នៅលើវិស័យអាទិភាពជាច្រើន រួមទាំង ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការសម្របសម្រួលពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
លោក Wang Wenbin ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានគាំទ្រប្រទេសកម្ពុជាក្នុងការអនុវត្តគម្រោងចំនួន ១០៦ តាមរយៈមូលនិធិពិសេសសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលគ្របដណ្តប់លើវិស័យជាច្រើនរួមមាន ការដឹកជញ្ជូន និងភស្តុភារកម្ម កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សេដ្ឋកិច្ចឆ្លងដែន សុខភាព វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យុវជន ការកាត់បន្ថយភាពក្រីក្រ និងវប្បធម៌ និងទេសចរណ៍ ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សរាប់សែននាក់។
លោកឯកអគ្គរដ្ឋទូតចិន បានបន្តថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រទេសចិន និងកម្ពុជា បានអនុវត្តកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាជាច្រើន ដែលកំណត់ដោយវិសាលភាព ទូលំទូលាយ លទ្ធផលដ៏ច្រើន, អ្នកចូលរួមជាច្រើន និង អត្ថប្រយោជន៍ ទូលំទូលាយ៕