ភ្នំពេញ៖ប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី ២០ មីនានេះ បានឯកភាពគ្នាសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នដល់បងប្អូនកម្មករនិយោជិតចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ទនៈវិលត្រឡប់មកប្រក្រតីភាពវិញ។
ភ្លាមៗក្រោយពីមានការស្នើសុំពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានកោះប្រជុំជាបន្ទាន់ជាមួយពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងអំឡុងពេលអន្តរកាលនៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកល។
ក្រោយកិច្ចប្រជុំភាគីពាក់ព័ន្ធ បានឯកភាពគ្នាសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នដល់បងប្អូនកម្មករនិយោជិតចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។នេះបើយោងតាមលទ្ធផលប្រកាសដោយក្រសួងការងារកម្ពុជា។
បើតាលោក ហេង សួរ បានថ្លែងចាត់ទុក លទ្ធផលនេះ បានកើតចេញពីការរួមចំណែកគ្នាដោះស្រាយ រវាងភាគីនិយោជក អ្នកផ្តល់សេវាដឹកជញ្ជូន និងរាជរដ្ឋាភិបាល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំ ជាពិសេស តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងពិភាក្សាយ៉ាងផុសផុល រហូតសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ដែលបង្ហាញពីភាពចាស់ទុំនៃយន្តការត្រីភាគីនៅកម្ពុជាក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផលិតភាពការងារ និងកម្រិតនៃការនាំចេញ៕