សៀមរាប៖ តាំងនៅកណ្តាលព្រៃព្រឹក្សាដ៏ស្ងប់ស្ងាត់ និងស្រស់បំព្រងក្នុងក្រុងអង្គរធំ ប្រាសាទ «មង្គលាថ៍» ឬដែលអ្នកស្រុកស្គាល់ទូទៅថា «ប្រាសាទតុបខាងកើត» គឺជាចំណុចទេសចរណ៍ប្រវត្តិសាស្ត្រដ៏មានសម្រស់ស្ងប់ស្ងាត់ និងគួរឱ្យស្វែងយល់។
ប្រាសាទនេះស្ថិតនៅក្នុងកំពែងក្រុងអង្គរធំផ្នែកខាងកើត ក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ តាមកំណត់ត្រារបស់លោក Henri Marchal នាឆ្នាំ១៩១៨ អ្នកស្រុកអង្គរហៅប្រាសាទនេះថា «ប្រាសាទតុប» ដោយសារទម្រង់រាង «កន្តុប»។ ប៉ុន្តែតាមរយៈសិលាចារឹក ប្រាសាទនេះមានឈ្មោះដើមថា “មង្គលាថ៍”។ អ្នកស្រុកតែងហៅប្រាសាទតូចៗពីរក្នុងក្រុងអង្គរធំថា «តុប» ដោយមួយស្ថិតនៅខាងកើត និងមួយទៀតនៅខាងលិច ភាគខាងត្បូងថ្នល់ឆ្ពោះទៅខ្លោងទ្វារតាកាវ។ ដើម្បីចៀសវាងការច្រឡំ អ្នកស្រាវជ្រាវបានបន្ថែមទិសសម្គាល់លើទីតាំងប្រាសាទទាំងពីរ ដោយសារសំណង់ទាំងពីរនេះមានប្រវត្តិ កាលសម័យ និងស្ថាបត្យកម្មខុសគ្នាស្រឡះ។
ក្នុងទិដ្ឋភាពស្ថាបត្យកម្ម ប្រាសាទមង្គលាថ៍ ឬប្រាសាទតុបខាងកើត ត្រូវបានសង់អំពីថ្មភក់នៅលើខឿនពីរជាន់ មានប្លង់ជារាងកាកបាទ ដោយមានទ្វារចូលនៅទិសខាងកើត និងទ្វារបញ្ឆោតនៅទិសខាងលិច ខាងត្បូង និងខាងជើង។ ភាគច្រើននៃចម្លាក់ផ្តែរ ហោជាង និងចម្លាក់គោល រៀបរាប់អំពីទេវកថាសំខាន់ៗរបស់ព្រះនារាយណ៍ ដូចជារឿងព្រះនារាយណ៍ផ្ទុំបង្កើតលោក ព្រះនារាយណ៍ឈានបីជំហាន និងរឿងរ៉ាវព្រះក្រឹស្ណ ដែលជាភស្តុតាងបញ្ជាក់ថា ប្រាសាទនេះត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា និកាយព្រះនារាយណ៍។
ប្រភពប្រវត្តិសាស្ត្រដ៏សំខាន់នៃប្រាសាទនេះ បានបង្ហាញតាមរយៈសិលាចារឹកភាសាសំស្ក្រឹតចំនួន២ផ្ទាំង។ សិលាចារឹក K.៥៦៧ ចារនៅមេទ្វារខាងត្បូង (បច្ចុប្បន្នសឹករិចរិលស្ទើរទាំងស្រុង) និងសិលាចារឹក K.៤៨៨ ដែលរកឃើញនៅឆ្នាំ១៩២៤ ដោយចារលើសសរគោលទាំង៤មុខ។ សិលាចារឹកទាំងនេះផ្តល់ទិន្នន័យប្រវត្តិសាស្ត្រសំខាន់ៗអំពីកាលប្បវត្តិ និងព្រះរាជវង្សខ្មែរនាចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៤ ពោលគឺក្រោយរជ្ជកាលព្រះបាទជ័យវម៌ទី៧។ តាមរយៈសិលាចារឹកនេះ បានឱ្យដឹងថា ព្រះបាទជ័យវម៌ទី៨ បានសាងសង់ប្រាសាទ «មង្គលាថ៍» ឡើងនៅឆ្នាំ១២៩៥ គ.ស. លើទីតាំងដីមានឈ្មោះថា «សាលាព្រាហ្មណ៍» ដើម្បីឧទ្ទិសជូនព្រះរាជគ្រូរបស់ព្រះអង្គ គឺព្រាហ្មណ៍ «ជ័យមង្គលាថ៍» និងមាតាឈ្មោះ «សុភទ្រា» (Subhadrā)។ ដោយផ្អែកលើសិលាចារឹក ប្រាសាទតុបខាងកើត ជាសំណង់ប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនាចុងក្រោយគេបង្អស់ ដែលបានកសាងឡើងនៅក្នុងរាជធានីអង្គរ។
បច្ចុប្បន្ន ប្រាសាទតុបខាងកើត ដែលស្ថិតក្នុងអតីតរាជធានីអង្គរធំ ត្រូវបានអភិរក្ស និងថែទាំយ៉ាងយកចិត្តទុកដាក់ជាប្រចាំដោយអាជ្ញាធរជាតិអប្សរា ទាំងការស្តារប្រឡាយទឹក និងការសម្អាតបរិស្ថានជុំវិញ។ សម្រាប់ទេសចរដែលស្វែងរកភាពស្ងប់ស្ងាត់ និងចង់ស្រូបយកបរិយាកាសធម្មជាតិស្រស់បំព្រង លាយឡំជាមួយដានប្រវត្តិសាស្ត្រដ៏បុរាណនៃ ចក្រភពអង្គរ ប្រាសាទ «មង្គលាថ៍» គឺជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃមួយដែលមិនអាចរំលងបានឡើយ៕