ភ្នំពេញ ៖ អាជីវករនៅផ្សារនាគមាសចំនួន ២១១ស្តង់ ដែលរងផលប៉ះពាល់ដោយសារគ្រោះអគ្គីភ័យ ទទួលបានថវិកាចំនួន១លានរៀលក្នុងមួយស្តង់ ជាអំណោយរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលនាំយកទៅចែកជូនផ្ទាល់ដោយលោក ហួត ហៃ អភិបាលរាជធានីភ្នំពេញស្តីទី នៅថ្ងៃទី៣០ ខែសីហា នៅបរិវេណអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ សង្កាត់ផ្សារដើគរ ខណ្ឌទួលគោក។
លោក ហួត ហៃ បានចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះបងប្អូនអាជីវករលក់បន្លែ និងផ្លែឈើទាំងអស់ដែលទទួលរងគ្រោះដោយគ្រោះអគ្គីភ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដែលធ្វើឱ្យស្តង់លក់ដូរទាំង២១១ស្តង់ ត្រូវបានអគ្គីភ័យឆាឆេះអស់ទាំងស្រុង បើទោះបីរដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយលោក ឃួង ស្រេង បានចាត់ក្រុមអន្តរាគមន៌ជួយពន្លត់ប្រឹងប្រែងយ៉ាងទាន់ពេលវេលាក៏ដោយ។ លោក ហួត ហែ បន្តថាដោយមើលឃើញទុក្ខលំបាករបស់អាជីវករឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្ដល់ថវិការជូនតាមរយៈរូបលោកដែលជាតំណាងលោក ឃួង ស្រេង នាំយកថវិកាចំនួន២១១លានរៀលមកប្រគល់ជូនបងប្អូនអាជីវករទាំង២១១ស្តង់ ពោលគឺក្នុងមួយស្តង់ទទួលបានថវិកា១លានរៀល។
លោក ហួត ហៃ បានបន្តទៀតថា ចំពោះមុខនៃទុក្ខលំបាកនេះដែរ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំជាផ្សារលក់បន្លែ និងផ្លែឈើជាបណ្ដោះអាសន្ននៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ ដោយរង់ចាំឱ្យម្ចាស់ផ្សារ និងអាជ្ញាធរសាងសង់តូប/ស្តង់ឡើងវិញទៅតាមទំហំ និងទីតាំងនៅក្នុងផ្សារនាគមាសដដែល។
គួរបញ្ជាក់ថា ផ្សារនាគមាស ត្រូវបានអគ្គិភ័យឆាបឆេះនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅផ្សារផ្លែឈើA៥ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្សារនេះជាប្រភេទសំណង់ដែកប្រក់ស័ង្កសី ទំហំ ៦០ម៉ែត្រ ១៤០ម៉ែត្រ ខូចខាតសម្ភារៈ ឆេះតូបចំនួន២១១តូប រួមនឹងសម្ភារៈរបស់អាជីវករជាច្រើនទៀត តែមិនបណ្ដាលឲ្យមនុស្សស្លាប់ ឬរងរបួសនោះឡើយ។ អគ្គីភ័យនេះបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៤៧គ្រឿង ហើយមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕