Swift cc time

អាម៉េរិក ផ្តល់ជំនួយជាង ១៣ម៉ឺនដុល្លារ ដល់កម្ពុជា ដើម្បីពង្រឹងផ្នែកវប្បធម៌ ការពារការជួញដូរវត្ថុបុរាណខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា

ភ្នំពេញ៖ ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ លោកស្រី Cate Dillon បានផ្តល់ជំនួយជាង ១៣ម៉ឺនដុល្លារ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទ្រព្យសម្បត្តិវប្បធម៌ ដើម្បីការពារវត្ថុបុរាណ ប្រឆាំងនឹងការជួញដូរខុសច្បាប់។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីក៏បានជួបពិភាក្សា និងបានប្រកាសពីគំនិតផ្តួចផ្តើម ក្នុងការជួយពង្រឹងផ្នែកកីឡានៅកម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី Dillon បានប្រកាសផ្តល់ជំនួយឥតសំណងចំនួន ១៣២,០០០ ដុល្លារ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទ្រព្យសម្បត្តិវប្បធម៌ ដោយសហការជាមួយរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា នៅសារមនី្ទរជាតិកម្ពុជា។ ជំនួយនេះនឹងបង្កើតមូលដ្ឋាន ទិន្នន័យឌីជីថលជាតិរួមមួយ សម្រាប់វត្ថុបុរាណបម្លាស់ទីបាន ដើម្បីការពារវត្ថុបុរាណទាំងនោះ ប្រឆាំងនឹងការជួញដូរខុសច្បាប់។ឮ

ដំណើរទស្សនកិច្ចរបស់ឧបការីរដ្ឋមន្ត្រី ក្នុងខេត្តសៀមរាប ក៏មានរួមបញ្ចូល ពិធីសម្ពោធសារមន្ទីរស្ថាបនិក សេរី ភាព ២៥០ នៅមជ្ឈមណ្ឌលអាម៉េរិកាំងសៀមរាប។ ក្នុងអំឡុងនោះ លោកស្រីក៏បានប្រកាសផ្តល់ថវិកា ថ្មីបន្ថែម ចំនួន ៧៥,០០០ ដុល្លារ សម្រាប់ការកែលម្អ និងពង្រីកបន្ថែមនូវមជ្ឈមណ្ឌលអាម៉េរិកាំងសៀមរាប ដែល មានទីតាំងស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យសៅស៍អ៊ីសថ៏អេសៀ (University of South-East Asia)។ ជាផ្នែកមួយនៃការអបអរខួប១៥ឆ្នាំនៃមជ្ឈមណ្ឌលអាម៉េរិកាំងសៀមរាប ក្នុងឆ្នាំ២០២៦ មជ្ឈមណ្ឌលនេះបាន ស្វាគមន៍ប្រជាជនកម្ពុជាជាង ៤០.០០០ នាក់ជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ ២០២៥ មជ្ឈមណ្ឌលអាម៉េរិកាំង បាន រៀបចំកម្មវិធីពិសេសៗជិត ៥០០ កម្មវិធី ដើម្បីចែករំលែកពីរឿងរ៉ាវប្រវត្តិសាស្ត្រអាម៉េរិកទៅកាន់ប្រជាជនកម្ពុជា ដែលរួមមានព័ត៌មានស្ដីពីគោលនយោបាយរបស់សហរដ្ឋអាម៉េរិក និងឱកាសក្នុងការអភិវឌ្ឍន៍ ជំនាញវិជ្ជាជីវៈ និងកម្មវិធីអប់រំជាភាសាអង់គ្លេស។

ដើម្បីគាំទ្រដល់ «ទសវត្សរ៍នៃកីឡា នៅសហរដ្ឋអាម៉េរិក» ដែលរួមមានព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក រដ្ឋឡូសអាន់ជេលេស ឆ្នាំ ២០២៨ ខាងមុខ ព្រមទាំងកីឡារដូវរងា Utah ឆ្នាំ ២០៣៤ លោកស្រីឧបការីរដ្ឋមន្ត្រី Dillon ក៏បានប្រកាសពីគំនិតផ្តួចផ្តើម ក្នុងវិស័យការទូតផ្នែកកីឡាថ្មីមួយ ដែលគ្រោងធ្វើឡើងនៅដើមឆ្នាំ ២០២៧។ ក្រោមកម្មវិធីនេះ គ្រូបង្វឹកជនជាតិអាម៉េរិកនឹងផ្តល់ការបណ្ដុះបណ្ដាលណែនាំ ផ្នែកកីឡាចំបាប់ដល់ក្រុមអត្តពលិកកម្ពុជា ដោយប្រើប្រាស់ស្មារតីកីឡា ក្នុងការចែករំលែកពីឧត្តមភាពអាមេរិក ក៏ដូចជាការពង្រឹងកិច្ច សហការជាដៃគូ។

ដំណើរទស្សនកិច្ចរបស់ លោកស្រីឧបការីរដ្ឋមន្ត្រី Dillon នេះ មានរាប់បញ្ចូលទាំងការចូលរួមពង្រឹងអនាគតកម្លាំង ពលកម្មកម្ពុជា និងកិច្ចសហការអភិរក្សបេតិកភណ្ឌជាសកល ដែលបានគូសបញ្ជាក់ពីតម្លៃដ៏យូរអង្វែងក្រោមកិច្ច ការអប់រំនិងវប្បធម៌ ហៅកាត់ថា ECA ក៏ដូចជាផ្ដោតសំខាន់ទៅលើតួនាទីកិច្ចទំនាក់ទំនងការទូតសាធារណៈ ដើម្បីរឹតបន្តឹងចំណងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង