សេអ៊ូល៖ ឆេះអគ្គីភ័យមួយនៅរោងចក្រគ្រឿងបន្លាស់រថយន្តមួយក្នុងទីក្រុងដេជុន ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ២០ មីនា នេះបានបណ្តាលឲ្យមនុស្ស ៥៥ នាក់រងរបួស ក្នុងនោះ ២៤ នាក់រងរបួសធ្ងន់ធ្ងរ និងជាច្រើនទៀតត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណៈប្រតិបត្តិការរុករកនិងជួយសង្រ្គោះកំពុងតែបន្តយ៉ាងមមាញឹក។ ប្រធានាធិបតី លី ជេម្យុង បានបញ្ជាឲ្យមានការចល័តធនធានដែលមានទាំងអស់ ដើម្បីដោះស្រាយអគ្គីភ័យ និងជួយសង្គ្រោះជីវិតមនុស្ស។
យោងតាមទីភ្នាក់ងារពន្លត់អគ្គីភ័យនៃប្រទេសកូរ៉េខាងត្បូងបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានការព្រួយបារម្ភថា ចំនួនអ្នករងរបួសអាចកើនឡើងនៅក្នុងអគ្គីភ័យនៅដេជុន ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល។ មន្ត្រីពន្លត់អគ្គីភ័យម្នាក់បានប្រាប់រ៉យទ័រថា ក្រុមពន្លត់អគ្គីភ័យកំពុងតស៊ូដើម្បីទប់ស្កាត់អគ្គីភ័យ ខណៈដែលអគារមួយក្នុងចំណោមអគារពីរដែលរងផលប៉ះពាល់បានដួលរលំ។
មន្ត្រីពន្លត់អគ្គីភ័យបាននិយាយថាកន្លែងដែលឆាបឆេះគឺជាក្រុមហ៊ុន Anjun Industrial ដែល ផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងជាអ្នកផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុន Hyundai និង Kia ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតដែលកំពុងតែឆាបឆេះ។ ភ្លាមៗមូលហេតុនៃការឆាបឆេះនៅមិនទាន់មានព័ត៌មានលម្អិតនៅឡើយនោះទេ៕