Img 1426
Swift cc time

សហព័ន្ធស្រូវអង្ករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាប្រចាំនូវែលហ្សេឡង់ ចុះMoU ពង្រឹងពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគជាមួយគ្នា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
[រូបភាព៖  ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)]

អូក្លិន-នូវែលហ្សេឡង់៖ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), សហព័ន្ធស្រូវអង្ករកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ នាថ្ងៃទី២០ ខែមីនា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការពង្រឹងវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។

បើតាមធនាគារ ARDB ការចុះហត្ថលេខាលើ MOU នាពេលនេះ មានគោលបំណងចម្បងក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់អនុសាសន៍សំខាន់ៗដល់ភាគីទាំងពីរ ជាពិសេសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។

ក្រៅពីនេះ លោកបណ្ឌិតណែនាំឱ្យភាគីទាំងពីរត្រូវអនុវត្តតាមខ្លឹមសារនៃ MOU នេះឱ្យមានប្រសិទ្ធភាពបំផុត ជាពិសេសត្រូវដើរតួនាទីយ៉ាងសកម្មជា "ស្ពានចម្លង" ដ៏រឹងមាំសម្រាប់អ្នកវិនិយោគ និងជាច្រកចេញដ៏សំខាន់សម្រាប់កសិផលខ្មែរទៅកាន់ទីផ្សារនូវែលហ្សេឡង់។

គួរបញ្ជាក់ថា ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់៕


Khcct banner

អត្ថបទទាក់ទង