អាម៉េរិក៖ មន្ទីរបញ្ចកោណអាម៉េរិក បានដាក់សំណើសុំកញ្ចប់ថវិកាដ៏ធំចំនួន ២០០ ពាន់លានដុល្លារ ពីសេតវិមាន ដើម្បីទ្រទ្រង់ប្រតិបត្តិការសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ ដែលចំនួននេះស្មើនឹងជិតមួយភាគបួននៃកញ្ចប់ថវិកាការពារជាតិប្រចាំឆ្នាំរបស់អាម៉េរិកទាំងមូល។នេះបើតាមការចេញផ្សាយរបស់កាសែត The New York Times។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Pete Hegseth បានបញ្ជាក់ថា ថវិកានេះ គឺចាំបាច់ យកទៅប្រើប្រាស់ ក្នុងប្រតិបត្តការយោធាលើអ៊ីរ៉ង់។
តែយ៉ាងណា ការស្នើសុំនេះ សមាជិកសភាជាច្រើន បានបង្ហាញការព្រួយបារម្ភ និង ការរិះគន់យ៉ាងខ្លាំង ជាពិសេស ពីសំណាក់គណបក្សប្រជាធិបតេយ្យដែលយល់ថា ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ គួរតែយកទៅប្រើប្រាស់ក្នុងវិស័យសុខាភិបាល និង ការអប់រំក្នុងស្រុកវិញ។
បើទោះបីជាមានការគាំទ្រពីថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋមួយចំនួនក៏ដោយ ប៉ុន្តែចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឺកសន្ធាប់នេះ កំពុងបង្កឱ្យមានភាពតានតឹង ក្នុងចំណោមសមាជិកសភាអាម៉េរិក រវាងអ្នកចង់ពង្រឹងវិស័យការពារជាតិ និងអ្នកដែលចង់កាត់បន្ថយការចំណាយថវិកាជាតិ ខណៈសង្គ្រាមនេះចំណាយអស់ជាង ១១ ពាន់លានដុល្លាររួចទៅហើយ ត្រឹមរយ:ពេល ១សប្ដាហ៍៕