681 ezgif.com resize
Swift cc time

ខេត្តកំពត នឹងបើកដំណើរការ «វិថីអាហារ» ស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលខេត្តកំពត

កំពត៖ ខេត្តកំពត នឹងបើកដំណើរការ «វិថីអាហារ» ទទួលស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ ជាបឋម នឹងមានមុខម្ហូបប្រមាណជាង៦០មុខ នឹងដាក់លក់ដូរក្នុងវិថីអាហារនេះ ដែលសុទ្ធសឹងតែជាប្រភេទនំខ្មែរដែលមានលក្ខណៈប្រពៃណីជាតិ នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ណាស់មកហើយ។

នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារបើកដំណើរការ «វិថីអាហារ» ក្នុងក្រុងកំពត ក្នុងគោលបំណងត្រៀមលក្ខណៈទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ លោកអភិបាលខេត្ត បានផ្តល់ការណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឱ្យសិក្សារៀបចំបញ្ជីមុខម្ហូបអាហារជាបឋមឱ្យបានចំនួនជាង ៦០មុខ សម្រាប់ដាក់ឱ្យបងប្អូនអាជីវករលក់ដូរនៅក្នុងវិថីអាហារនេះ។ អ្វីដែលពិសេសបំផុតនោះ ក្នុងចំណោមមុខម្ហូបទាំងនោះ ក៏មានការដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈប្រពៃណីជាតិ នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។

ការបង្កើតវិថីអាហារនេះ មិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយទៀតក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារដែលជាទំនៀមទម្លាប់ជាតិ តាមរយៈការរៀបចំឱ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់៕

Khcct banner

អត្ថបទទាក់ទង