ភ្នំពេញ៖ កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុន ជាង ២ ដង ខណៈការគ្របដណ្តប់ពលរដ្ឋបានកើនឡើង ពីចំនួនត្រឹមតែ ៣,៣ លាននាក់ កាលពីឆ្នាំ២០១៧ រហូតដល់ជាង ៧,៩ លាននាក់ ក្នុងឆ្នាំ២០២៥ ដោយក្នុងនោះរបបសន្តិសុខសង្គម បាន និងកំពុងគ្របដណ្តប់ពលរដ្ឋ សរុបប្រមាណ ៣,៩ លាននាក់។ នេះជាការបញ្ចាក់របស់លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី«គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា» នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
លោក ចន ណារិទ្ធ បានលើកឡើងថា គិតចាប់តាំងពីឆ្នាំ២០១៧ រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ លើការអនុវត្ត និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាព នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ជាបន្តបន្ទាប់បន្ថែមទៀត។
លោកបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ កន្លងទៅនេះ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបចំនួនប្រមាណ ៤,៨៤ លាននាក់ (ឬស្មើនឹងប្រមាណ ២៨ % នៃពលរដ្ឋសរុប) ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ០២៧,៦ ប៊ីលានរៀល ឬស្មើនឹង ២៥៧ លានដុល្លារអាម៉េរិក ដើម្បីអនុវត្តកម្មវិធីមួយចំនួន រួមមាន៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ, កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍, កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, កម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានទៅក្រុងរុនតាឯក តេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប, មូលនិធិសមធម៌សុខាភិបាល, និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រី។
សម្រាប់ជ្រុងនៃការអនុវត្តរបបសន្តិសុខសង្គម, គិតត្រឹមឆ្នាំ២០២៥ របបសន្តិសុខសង្គមបានគ្របដណ្តប់ពលរដ្ឋប្រមាណ ៣,៥ លាននាក់ ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិកាជាតិប្រមាណ ១ ៧០០ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤២៥ លានដុល្លារអាម៉េរិក បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស. ដើម្បីអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ ធំៗ រួមមាន៖ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន, របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, និង របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ៕