សៀមរាប៖ ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោន និងមានការបែកបាក់ដល់ទៅជាង ១ម៉ឺនបំណែកមកពីកោះកេរ្ដិ៍ចាប់កំណើតឡើងវិញក្រោយជួសជុលរួចរាល់។ ក្រុមអ្នកជំនាញ ចំណាយពេលជួសជុលអស់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ នឹងបញ្ចប់ការជួសជុលដោយជោគជ័យនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
ប្រតិមាព្រះឥសូរដ៏ធំមួយនេះត្រូវប្រើពេលជួសជុលអស់រយៈពេលជាង ៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា និងមានការគាំទ្រដោយសម្ព័ន្ធភាពបេតិកភណ្ឌ។ នេះជាវត្ថុបុរាណដែលមានកម្ពស់ ៥ម៉ែត្រ មានព្រះភក្ត្រ៥ ព្រះហស្ថ១០ និងទម្ងន់ប្រមាណ ៧តោន។ ប្រតិមានេះបានរលំបាក់ក្នុងសតវត្សទី១៤ មានសភាពបែកបាក់ចំនួនជាង ១ម៉ឺនបំណែក និងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល។ បច្ចុប្បន្នប្រតិមានេះត្រូវបានតម្កល់នៅ អភិរក្សស្ថានអង្គរជាបណ្ដោះអាសន្នសិន។
ក្នុងពិធីអបអរសាទរការបញ្ចប់ការជួសជុល លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងដោយក្តីសោមនស្ស និងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកជំនាញ នៃសាលាបារាំងចុងបូព៌ា គណៈកម្មាធិការបច្ចេកទេស និងដៃគូសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ ចំពោះការខិតខំស្តារនិងស្រោចស្រង់ផ្គុំរូបរាងប្រតិមាព្រះឥសូរដែលមានអាយុកាលជាងមួយពាន់ឆ្នាំនេះមកល្អឡើងវិញ ។ លោកស្រីសង្ឃឹមថា រូបបដិមាដ៏ធំ នេះនឹងវិលត្រឡប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍វិញទុកជាទីសក្ការៈសម្រាប់ការគោរពទៅតាមេជំនឿទំនៀមទំលាប់ពីដូនតាខ្មែរនិងជាការទាក់ទាញលំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍កាន់តែច្រើនឡើងជាលំដាប់៕