681 ezgif.com resize
Swift cc time

លោក ណាតាផុង ដាស់តឿននាយករដ្ឋមន្ត្រីថ្មីថៃ ឱ្យហ៊ាន «បោសសម្អាតផ្ទះខ្លួនឯង» ដើម្បីស្តារទំនុកចិត្តពលរដ្ឋ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ នៅក្នុងកិច្ចប្រជុំលើកទី ២ នៃសម័យប្រជុំដំបូងរបស់សភាតំណាងរាស្ត្រអាណត្តិទី ២៧ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី លោក ណាតាផុង រឿងផាន់យ៉ាវិទ្ធ មេដឹកនាំគណបក្សប្រជាជន បានថ្លែងសុន្ទរកថាបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា វេទិកាសភានេះគឺជាឱកាសដ៏សំខាន់សម្រាប់បង្ហាញពីកង្វល់របស់ជាតិ ជាជាងការបង្ហាញចក្ខុវិស័យដើម្បីប្រកួតប្រជែងយកតំណែង។ លោកបានទាមទារឱ្យធានា «ភាពស្អាតស្អំ» នៅក្នុងរដ្ឋាភិបាលថ្មី ជំរុញឱ្យនាយករដ្ឋមន្ត្រីថ្មី លោក អនុទីន ត្រូវតែហ៊ាន «បោសសម្អាតផ្ទះខ្លួនឯង» តាមរយៈការពិនិត្យចាត់វិធានការលើសមាជិកបក្សណាពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបោះឆ្នោត និងអំពើពុករលួយនៅមូលដ្ឋាន។ នេះបើតាមការចេញផ្សាយរបស់កាសែត The Standard។

ក្រៅពីបញ្ហានយោបាយ មេដឹកនាំបក្សប្រឆាំងរូបនេះក៏បានឆ្លុះបញ្ចាំងពីវិបត្តិដែលកំពុងយាយីជីវភាពប្រជាជន រួមមានបញ្ហាទំនិញគេចពន្ធ ការធ្លាក់ថ្លៃនៃតម្លៃកសិផល និងផលប៉ះពាល់ពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងធ្វើឱ្យគម្លាតសង្គមកាន់តែរីកធំឡើង។

ជាចុងក្រោយ លោក ណាតាផុង បានប្តេជ្ញាថា ទោះបីជាត្រូវស្ថិតក្នុងតំណែងជាបក្សប្រឆាំង ក៏លោកនិងគណបក្សនឹងមិនផ្លាស់ប្តូរវិធីធ្វើនយោបាយឡើយ។ លោកបានលើកទឹកចិត្តដល់សមាជិកបក្ស និងប្រជាជនកុំឱ្យអស់សង្ឃឹម ដោយលោកសន្យានឹងបន្តបំពេញតួនាទីយ៉ាងសកម្ម ដើម្បីរុញច្រានសង្គមថៃឱ្យទៅមុខ រហូតដល់អំណាចបានមកលើដៃប្រជាជនយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ផងដែរថា លោក អនុទីន ចាន់វីរៈគុល ត្រូវបានសភាថៃប្រកាសជាផ្លូវការជានាយករដ្ឋមន្ត្រីទី ៣២ របស់ប្រទេសថៃ នៅរសៀលថ្ងៃទី ១៩ ខែមីនានេះ ជាមួយនឹងសំឡេងគាំទ្រលើសពី ២៥១ សំឡេង ក្នុងចំណោមអាសនៈសរុប ៤៩៩ នៃសភាតំណាងរាស្ត្រ។

Khcct banner

អត្ថបទទាក់ទង